ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រីក្រសួងសាធារណៈការចំនួន​ ៣នាក់ រកឃើញមានវិជ្ជមានជំងឹកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញមន្ដ្រីរបស់ខ្លួនចំនួន​ ៣រូប បានឆ្លងជំងឺកូវីដ-១៩។

បេីតាមការ​បញ្ជាក់ពី​ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យថា មន្ត្រីរាជការចំនួន​ ០៣រូប របស់ក្រសួងបានជួប និងប៉ះពាល់ដោយផ្ទាល់ជាមួយសាច់ញាតិ ដែលមានផ្ទុកជំងឺកូវីដ-១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបានទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩។

សូមជម្រាបថា​ មន្ត្រីទាំង០៣រូបនេះខាងលេីនេះ មានអត្តសញ្ញាណដូចជា៖ ទី១៖ លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក, ទី២៖ លោកស្រី គង់ ចន្ធូ អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងទី៣៖ លោក អ៊ុយ សុវណ្ណារ៉ុង ជំនួយការលោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ។

ជាមួយគ្នានេះ​ ដើម្បីចូលរួមទប់ស្កាត់ និងគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ក្រសួងសូមដាក់ចេញនូវចំណាត់ការបន្ទាន់ និងចាំបាច់ ដែលមានដូចខាងក្រោម៖

-ទី១៖ ត្រូវបិទការិយាល័យរបស់មន្ត្រីទាំង៣រូបខាងលើ និងមន្ត្រីដែលរួមការងារ ជាបណ្តោះអាសន្ន

-ទី២៖ នាយកដ្ឋានរដ្ឋបាល ត្រូវធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមការិយាល័យរបស់មន្ត្រីទាំង៣រូបខាងលើ ព្រមទាំងនៅតាមបណ្តាទីតាំងពាក់ព័ន្ធផ្សេងៗទៀត។

-ទី៣៖ ចំពោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយមន្ត្រីទាំង៣រូបខាងលើ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ហើយមានការសង្ស័យអំពីអាការៈ និងបញ្ហាសុខភាព សូមប្រញាប់រួសរាន់ទៅធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩ ឬនៅតាមបណ្តាទីតាំងចំនួន០៥ រួមមាន៖ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារសាមគ្គី), ព្រះវិហារយេស៊ូ (ទល់មុខអាវុធហត្ថរាជធានីភ្នំពេញ) និង ទួលសង្កែ (ជិតរោងចក្រឱនហាន់)។

-ទី៤៖ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយមន្ត្រីទាំង៣រូបខាងលើ ត្រូវដាក់ខ្លួនឯង នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ (ចត្តាឡីស័ក) ន័ងសូមផ្តល់ព័ត៌មានមក លោក រតន៍ សាម៉ន ប្រធាននាយកដ្ឋានបុគ្គលិក តាមរយៈលេខទូរស័ព្ទ/តេឡេក្រាម 011 958 311 ដើម្បីសម្របសម្រួល និងរៀបចំនីតិវិធីបន្ត ឬទំនាក់ទំនងទៅកាន់លេខ 115៕ដោយ​៖សហការី​


ចែករំលែក៖