ជារៀងរាល់ឆ្នាំ ថ្ងៃចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិមីយ៉ាន់ម៉ា គឺជាពេលវេលាសប្បាយបំផុត ដែលពលរដ្ឋប្រុសស្រីស្លៀកពាក់ឈុតប្រពៃណីកាន់ផ្កាយកចង្ហាន់ទៅវត្ត និងលេងល្បែងប្រពៃណី មាន បាញ់ទឹកដាក់គ្នាជាដើម ។ ដោយឡែកនៅក្នុងឆ្នាំនេះ ក៏មានការជះដូចគ្នាដែរតែមិនមែនជាទឹកនោះទេគឺជាថ្នាំពណ៌ត្រូវបានជះប្រឡាក់ពេញផ្លូវនៅទីក្រុងដែលជាការប្រឆាំងយោធា ។
សារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១ បានផ្សាយថា ក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននាំគ្នាយកទឹកថ្នាំលាបពណ៌ក្រហមបាញ់លើដងផ្លូវ, ជញ្ជាំង និងនៅតាមចំណតរថយន្តក្រុងជាច្រើននៅថ្ងៃពុធនេះ ដើម្បីធ្វើជាតំណាងឱ្យឈាមរបស់បាតុករច្រើនជាង៧០០នាក់ដែលបានស្លាប់នៅក្នុងការបង្ក្រាបយ៉ាងបង្ហូរឈាម ពីសំណាក់កងកម្លាំងសន្តិសុខនៃរបបយោធា គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈមក។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (Thingyan) របស់មីយ៉ាន់ម៉ា គឺជាទូទៅមនុស្សម្នាលេងជះទឹកដាក់គ្នា។ ក៏ប៉ុន្តែក្នុងឆ្នាំនេះដោយសារតែបញ្ហា COVID-19 ផង និងបាតុកម្មតវ៉ាផង សកម្មភាពនានានៃពិធីបុណ្យនេះ ដូចជាការលេងជះទឹកដាក់គ្នាត្រូវបានលុបចោល ហើយក្រុមបាតុករបានយកទឹកថ្នាំពណ៌ក្រហមលាបតាមដងផ្លូវ ជំនួសឱ្យការបាញ់ទឹកនៅតាមដងផ្លូវនានា និងជាតំណាងឱ្យឈាមរបស់បាតុករ ដែលបានបាត់បង់ជីវិតនៅក្នុងបាតុកម្មតវ៉ា។
តាមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាតុករយ៉ាងហោចណាស់៧១៤នាក់ហើយបានស្លាប់ ក្នុងការបង្ក្រាបពីសំណាក់ កងកម្លាំងសន្តិសុខនៃរបបយោធា គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ដែលជាពេលរដ្ឋាភិបាលលោកស្រី អោងសាន ស៊ូជី ត្រូវបានទម្លាក់ចេញពីអំណាច។ ពួកគេក៏រំពឹងដែរថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈរបបយោធាមីយ៉ាន់ម៉ាអះអាងថា អ្នកស្លាប់មានតិចជាងតួលេខរបស់អង្គការសង្គមស៊ីវិល៕
ដោយ ៖ធីរីណា(រូបភាព៖Myanmar Now)