ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសចាត់វិធានការ និងបញ្ជាឲ្យសមត្ថកិច្ចចុះស្រាវជ្រាវជាបន្ទាន់រកម្ចាស់ហាង និងកន្លែងលក់ដូរទំនិញដែលឡើងថ្លៃហួសហេតុ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ហើយបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុ គ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ-១៩។

    លោក ឃួង ស្រេង បានចាត់ទុកថា ការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ គ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ការចេញមកប្រកាសចាត់វិធានការតាមផ្លូវច្បាប់នេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា អាជីវករមួយចំនួនបានឆ្លៀតឱកាសកេងចំណេញហួសហេតុ គ្រាដែលប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញស្បៀងអាហារដើម្បីត្រៀមទុកនៅក្នុងផ្ទះ ក្រោយមានការបែកធ្លាយសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការបិទខ្ទប់រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

     លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ម្ចាស់ហាង និងកន្លែងលក់ដូរមួយចំនួនបានឆ្លៀត ឱកាសកេងចំណេញឡើងថ្លៃហួសហេតុ នៅពេលដែលប្រជាពលរដ្ឋសម្រុកនាំគ្នាទៅទិញស្បៀងអាហារ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរដែលដំឡើងថ្លៃ ហើយ សមត្ថកិច្ចកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់ ។

តាមព័ត៌មាន រូបភាព រូបវីដេអូ និងការបង្ហាញចែកចាយពេញបណ្តាញសង្គមកាលពីល្ងាច និងយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនកកកុញបានសម្រុកទៅទិញម្ហូបអាហារ នំចំណី និងសម្ភារប្រើប្រាស់នៅតាមទីផ្សារ និងតាមកន្លែងលក់ដូរ ដែលកន្លែងខ្លះលក់ដាច់គ្មានសល់ ជាមួយមុខទំនិញខ្លះបានឡើងថ្លៃយ៉ាងខ្ពស់ហួសពីការស្មាន៕

ដោយ៖ សំរិត


ចែករំលែក៖