ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានព្រមាន ដល់ម្ចាស់ឃ្លាំងលក់រថយន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយចុះទៅបិទដល់ទីតាំងតែម្តង បើសិនម្ចាស់ឃ្លាំងទាំងនោះនៅតែបំពានបន្តបើកអាជីវកម្មរបស់ខ្លួន ដោយមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩កាន់តែខ្លាំងឡើង។
រដ្ឋបាលរាជធានភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយបានផ្ញើសារព្រមានទៅកាន់ម្ចាស់ឃ្លាំងរថយន្តសូមបញ្ឈប់អាជីវកម្មជាបន្ទាន់ បើមិនចង់ប្រឈមនឹងការចុះបិទអាជីវកម្ម។ រដ្ឋបាលរាជធានីភ្នំពេញ មានសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់កន្លែងលក់រថយន្តទាំងអស់ នឹងចូលរួមជាមួយអាជ្ញាធរ ក្នុងការកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងខ្លាំងនៅពេលនេះ។
ការព្រមានចំៗទៅដល់កន្លែងលក់រថយន្តខាងលើនេះ បានកើតឡើង ក្រោយមានព័ត៌មានថា ឃ្លាំងលក់រថយន្តខ្លះនៅតែបំពាន ហើយនៅបន្តលក់រថយន្តដោយមិនចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញនោះឡើយ។
សូមបញ្ជាក់ថា ការឆ្លងជំងឺកូវីដ-១៩ ដែលបានកើនឡើងជាបន្តបន្ទាប់នេះ ហើយអ្នកជំងឺខ្លះបានឆ្លងចេញពីកន្លែងលក់រថយន្តទាំងនេះផងដែរ ដូច្នេះជាកន្លែងមានហានិភ័យខ្ពស់មួយដែរ។ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។
ការដាក់ចេញវិធានការនេះ គឺបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ ទោះបីយ៉ាងណា វិធាន ការបានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអា ហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិ សេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ៕.