ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍មួយបានឲ្យដឹងថា កាល ពីវេលាម៉ោង១៧៖៣០ នាទីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើ ការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ស្លៀកឯកសណ្ឋានក្លែងធ្វើជា មន្ត្រីនគរបាលជាតិ ដែលជាល្បិចងាយស្រួលក្នុងការឆ្លងកាត់គោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ចក្នុងហេតុការណ៍អនុវត្តនូវវិធានបំរាមគោចរ ។
បុរសខាងលើឈ្មោះ រ៉េត បញ្ញា អាយុ ២៦ឆ្នាំ មុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិ ក្រាំងធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ខណៈនោះសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈជាប់ខ្លួនរួមមាន ៖
១ -ម៉ូតូម៉ាក ស៊ុយ សាគី Viva ពណ៌ ខ្មៅ១គ្រឿងផលិត ឆ្នាំ ២០០៦ ពាក់ស្លាកលេខ កណ្តាល 1C- 2124 ។
២ -ទូរស័ព្ទដៃ១ គ្រឿងម៉ាក Iphone 5s ពណ៌ ទឹកមាស (ខូច) ។
៣ – ខ្សែក្រវាត់ ១ ក្បាលដែករូប សិង្ហ
៤ -មួក១ ពណ៌ ខ្មៅ មានព្រះសង្ហារ
៥- សម្លៀកបំពាក់ឯកសណ្ឋាន នរគបាលជាតិ១ឈុត (១កំប្លេរ) ។
៦ -ស្បែកជើងក វែង១ គូរ ។
៧ – វិទ្យុទាក់ទង១ គ្រឿងម៉ាក MOTOROLA ។
៨ – ប័ណ្ណ ប ស ស ១ សន្លឹក មានបិតរូប ថត នរគបាលជាតិ ២សន្លឹក និងរូបភាព សុីវិល ១សន្លឹក ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា, នៅវេលាម៉ោងខាងលើ បុរសរូបនោះ បានធ្វើដំណើរដោយជិះម៉ូតូ១គ្រឿង ក្នុងសម្លៀកបំពាក់ឯកសណ្ឋានជានគរបាលជាតិ ចេញពីផ្ទះរបស់ខ្លួន ដើម្បីទៅផ្ទះរបស់ឈ្មោះ ម៉ៅ ស្ថិតនៅភូមិ ព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។ លុះជិះទៅជិតផ្ទះរបស់ម៉ៅ ជនខាងលើបានឆ្លងកាត់គោលដៅរបស់ប្រជាការពារ ដែលកន្លែងត្រួតពិនិត្យដើម្បីបង្ការការរីករាលដាលនឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ភូមិព្រែកអង្គុញ ពេលនោះក៏ត្រូវកម្លាំងប្រជាការពារឃាត់ធ្វើការសួរនាំ ។ ដោយមានការសង្ស័យកម្លាំងប្រជាការ ពារ បានទូរស័ព្ទរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសៀមរាប ដើម្បីឲ្យដឹងពីសកម្មភាព និងទង្វើដែលជននេះបានប្រព្រឹត្តមកលើកម្លាំងកំពុងអនុវត្ត នូវផែនការការពារ និង រាំងខ្ទប់ ផលប៉ះពាល់ជំងឺរាតត្បាតវីរុសកូវីដ-១៩ ។
ខណៈនោះកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំសៀម រាបបានចុះទៅដល់ នឹងបានឃាត់ខ្លួនបុរសខាងលើយកទៅសាកសួរនៅនគរបាលប៉ុស្តិ៍ ទើបដឹងថាជាជនក្លែងបន្លំ ស្លៀកឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ ដើម្បីងាយស្រួលក្នុងការឆ្លងកាត់ នឹងបំលាស់ទីពីភូមិមួយ ទៅភូមិមួយ ពីកន្លែងមួយ ទៅកន្លែងមួយ ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ ក្នុងអំពើដែលខុសនឹងច្បាប់ហាមឃាត់ ។ ជាក់ស្តែងក្រៅពី ឯកសណ្ឋានសម្លៀកបំពាក់ក្លែងជាមន្ត្រីនគរបាលជាតិ ជននេះត្រូវបានសមត្តកិច្ចរកឃើញមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួន ពោលគឺប្រើប្រាស់គ្រឿងញៀន ទៀតផង។
បច្ចុប្បន្នបុរសខាងលើនឹងវត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល សៀមរាប នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដេីម្បីបន្តនីតិវិធីច្បាប់ ៕
ដោយ៖ ស សម