នៅថ្ងៃទី១៥ខែមេសានេះបារាំង ក្លាយជាប្រទេសទី៣នៅក្នុងតំបន់អឺរ៉ុប ដែលមានអ្នកស្លាប់ច្រើនដោយកូវីដ-១៩ និងឈរលំដាប់ទី៧លើពិភពលោក។ អ្នកស្លាប់បានកើនឡើងជាង១សែននាក់ហើយគិតមកដល់ពេលនេះ។
បើទោះបីតួលេខរបស់ក្រសួងសុខាភិបាលបារាំងប្រកាសថា មានករណីស្លាប់តែជាង៩៩ពាន់នាក់ក៏ដោយ ក៏ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលសុខាភិបាលនិងបច្ចេកវិទ្យាវេជ្ជសាស្ត្រ បារាំង(INSERM) បានបញ្ជាក់ថា បារាំងមានអ្នកស្លាប់លើសពី១សែននាក់តាំងពីប៉ុន្មានសប្តាហ៍មុនមកម៉្លេះ។
កាលពីថ្ងៃទី១៤ខែមេសា តួលេខរបស់អគ្គនាយកដ្ឋានសុខាភិបាលបារាំង ក៏ដូចជាសាកលវិទ្យាល័យ John Hopkins របស់អាមេរិក បានបង្ហាញឲ្យឃើញថាបារាំងមានអ្នកស្លាប់ជាង ៩៩.៧៧៧នាក់ ចាប់តាំងពីការផ្ទុះកូវីដ-១៩ នៅក្នុងខែមីនាឆ្នាំ២០២០ ។ មកទល់ថ្ងៃទី ១៥ខែមីនានេះ បារាំងក្លាយជាប្រទេសលំដាប់ទី៣នៅអឺរ៉ុប និងទី៧នៅលើពិភពលោក ដែលមានករណីស្លាប់ដោយកូវីដ-១៩ មានជាង១សែននាក់ ។
នៅថ្ងៃទី១៥ខែមេសានេះដែរ ប្រធានាធិបតីបារាំង លោកម៉ាក្រុង និងមានកិច្ចប្រជុំអនឡាញជាមួយបណ្តាអភិបាលរដ្ឋ-ក្រុង ស្តីពីស្ថានភាពកូវីដ-១៩ ក៏ដូចជាយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ បន្ទាប់មកលោកម៉ាក្រុងនឹងជួបពិភាក្សាជាមួយបណ្តារដ្ឋមន្ត្រី ស្តីពីវិធានការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
នៅយប់ថ្ងៃទី១៥ខែមេសា(ពេលវេលាបារាំង) ប្រធានាធិបតីម៉ាក្រុងនឹងថ្លែងការណ៍ ទៅកាន់ពលរដ្ឋ ក្នុងពេលបារាំងមានអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងដល់ទៅ១សែននាក់ ។ នៅថ្ងៃទី១៤ខែមេសា បារាំងមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង៤ម៉ឺននាក់។បច្ចុប្បន្នមានអ្នកជំងឺកូវីដ៣២ពាន់នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕ ដោយ៖ ធីរីណា