ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកបុកម៉ូតូនៅផ្លូវបំបែកជាបួនបណ្ដាលឱ្យបុរសម្នាក់បាក់ជើងខាងស្ដាំ

ចែករំលែក៖

       ភ្នំពេញ៖ បុរសម្នាក់ពេលបើករថយន្តមកដល់ផ្លូវបំបែកជាបួនបានជ្រុលទៅបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្តាលឱ្យរបួសធ្ងន់បាក់ជើងខាងស្ដាំ បង្កការភ្ញាក់ផ្អើលដល់នគរបាលចុះធ្វើអន្តរាគមន៍ហៅរថយន្តសង្រ្គោះមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២១នៅចំណុចផ្លូវលេខ១៩៣កែងនឹងផ្លូវលេខ២៩៨ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ។

   ប្រភពព័ត៌មានពីនគរបាលបានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមុនកើតហេតុ បុរសរងគ្រោះបានបើកម៉ូតូ១គ្រឿងម៉ាកវីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GI-3707 តាមផ្លូវលេខ១៦៣ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវលេខ២៩៨កែងផ្លូវលេខ១៩៣ក៏ស្រាប់តែមានបុរសម្នាក់បានបើករថយន្តម៉ាកមីតស៊ុយប៊ីសុីរៃតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ន17 2.0767  បានបើកឆ្លងកាត់ទទឹងផ្លូូវលឿនពេកចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូខាងលើ បណ្ដាលអ្នកបើករបួសបាក់ជើងខាងស្ដាំ។ ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តសង្រ្គោះនៃមន្ទីរពេទ្យរុស្សុីដឹកយកទៅព្យាបាលផងដែរ។

  នគរបាលប៉ុស្តិ៍បន្តថា ករណីគ្រោះថ្នាក់ខាងលើនគរបាលជំនាញខណ្ឌបានចុះមកកន្លែងកើតហេតុឱ្យភាគីទាំងពីរសម្រួលគ្នាតែដោយអ្នករបួសបានទៅមន្ទីរពេទ្យហើយនោះក៏យកម៉ូតូនិងរថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកងជាបណ្ដោះអាសន្នសិនរង់ចាំដោះស្រាយពេលក្រោយទៀត ៕

ដោយ៖ ជីណា


ចែករំលែក៖