ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល បានបញ្ជាក់ថា, នៅថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២១​ មានករណីស្លាប់បុរសជនជាតិខ្មែរចំនួន​ ២នាក់​ ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ពី ករណីស្លាប់បុរសជនជាតិខ្មែរចំនួនពីរនាក់អាយុ ៦៥ឆ្នាំ និងអាយុ ៧៧ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការ ផ្ដល់ព័ត៌មានពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ រស់នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូរីដ-១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី និងបុរស ជនជាតិខ្មែរអាយុ ៧៧ឆ្នាំ រស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:៥០នាទី ។
-ករណីបុរសជនជាតិខ្មែរដែលមានអាយុ ៦៥ឆ្នាំ បានចូលមកមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១១:១៥នាទី ក្នុងស្ថានភាពហត់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាកធ្វើការវិភាគ ជាលទ្ធផលមានវិជ្ជមានកូវីដ-១៩ ។ ដោយជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន អ្នកជំងឺក៍បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទីល្ងាច ។

ករណីបុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ បានចូលមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:២០នាទី ជាមួយនឹងស្ថានភាពហត់ដង្ហក់ខ្លាំង នៅលើអ្នកជំងឺមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ដែលតម្រូវឱ្យ គ្រូពេទ្យធ្វើការជួយសង្គ្រោះដោយមានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងដែរ និងបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថា មាន វិជ្ជមានកូវីដ-១៩ ។ ដោយការវិវត្តជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ទោះជាក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:៥០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖
-ករណីបុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។
-ករណីបុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និង លោកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖