ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ អរគុណអាជីវករលក់ដូរគ្រឿងហូបចុកដែលបានចូលរួមជាមួយរដ្ឋបាលរាជធានី ដោយមិនដំឡើងថ្លៃម្ហូបអាហារក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ១៤ថ្ងៃ

ចែករំលែក៖

      ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនអាជីវកររកស៊ីលក់ដូរគ្រឿងហូបចុក ត្រី សាច់ ជាដើម ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនដំឡើង ថ្លៃម្ហូបអាហារក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះ។

  ការថ្លែងនូវការអរគុណបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ក្រោយពីលោកបានធ្វើការអំពាវនាវឱ្យបងប្អូនអាជីវករចូលរួមសហការជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាឲ្យបានមិនឲ្យទំនិញដែលជាគ្រឿងហូបចុកឡើងថ្លៃខ្ពស់គ្មានហេតុផលនោះ ហើយក្រោយពីមានការអំពាវនេះឃើញថាបងប្អូនអាជីវករបានចូលរួមយ៉ាងសកម្មដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ហើយសកម្មភាពនេះក៏ជាការជួយទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកផងដែរ។

  សូមបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មានមួយកាលពីរាត្រីថ្ងៃទី១៥ខែមេសាកន្លងមកនេះ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានី ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញក៏នឹងមានវិធានការរដ្ឋបាលផងដែរ ៕

ដោយ៖ សំរិត


ចែករំលែក៖