ភ្នំពេញ៖ មានអ្នកសារព័ត៌មានឈ្មោះ ជិន បញ្ញា ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន។
សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជ្រាបថា តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញអំពី ការបង្ហាញ អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានឈ្មោះ ជិន បញ្ញា ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
អាស្រ័យដូចបានជម្រាបជូនខាងលើ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌក្រសួងព័ត៌មាន សូមអំពាវនាវដល់ លោក លោកស្រី មន្ត្រីរាជការ និង អ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលបានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ សូមមេត្តាធ្វើចត្តាឡីស័ករយៈពេល ១៤ (ដប់បួន) ថ្ងៃ ដើម្បី តាមដានសុខភាពរបស់ខ្លួន និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ក្នុងករណី ស្ថានភាពសុខភាពមានការវិវត្តន៍ខុសពីធម្មតា សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទទាន់ហេតុ ការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ៕
ដោយ ៖ សិលា