ព័ត៌មានទាន់ហេតុការណ៍៖

ចប់បណ្តោយសមត្ថកិច្ចចាប់វាយខ្នោះលោកផ្កាយ២ និងបក្ខពួក២នាក់ ព្រហើនផឹកសុី ច្រៀង រាំ សប្បាយ សម័យបម្រាមគោចរកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ កុំព្រហើន ឮហើយ ដឹងហើយ ពីបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ គាំទ្រវិធានការសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះអ្នកបំពានបម្រាម ទីបំផុត ! សមត្ថកិច្ចចាប់វាយខ្នោះអនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្សៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន បំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា,  កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់។

ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុកពីជំងឺកូវីដ-១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា, ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងរហូតមានការឡាយតាមហ្វេសប៊ុកទៀតនោះ លោក ឃួង ស្រេង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះទៅជាបន្ទាន់ ដើម្បីធ្វើការទប់ស្កាត់ និងថែមទាំងវាយខ្នោះបុរស៣នាក់នេះ ដែលជាអ្នករៀបចំកម្មវិធីរាំ សប្បាយ ច្រៀង និងប៉ាតម្សៅយ៉ាងដូច្នេះ។

សូមបញ្ជាក់ថា, របាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅវេលាម៉ោង ២១៖៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖

១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះអស់ពេលសមត្ថកិច្ចទៅដល់។

របាយការណ៍បានបញ្ជាក់ទៀតថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន។

ក្រោយការឃាត់ខ្លួន បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត។
សាលសវនាការរបស់សាលាដំបូងរាជធានីខេត្ត ត្រូវបានត្រៀមរួចរាល់សម្រាប់កាត់ក្តីក្នុងករណីអ្នកបំពានវិធានការរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩! ។ នេះជាការបញ្ជាក់ពី លោករដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ គឹម សន្តិភាព។

លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្ដាញសាព័ត៌មានផ្លូវការ នៅមុននេះបន្ដិចនាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា, អ្នកដែលល្មើសវិធានការបិទខ្ទប់មិនឲ្យចេញក្រៅផ្ទះ នឹងប្រឈមជាមួយការជាប់ពន្ធនាគារ។

លោក គឹម សន្ដិភាព បានអះអាងថា វិធានការបិទខ្ទប់មិនឲ្យមានការបំលាស់ទីពីកន្លែងមួយ ទៅកន្លែងមួយ គឺដើម្បីតែកាត់ផ្ដាច់នូវការចម្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានការនេះឲ្យមានប្រសិទ្ធភាព ព្រោះវិធានការនេះត្រូវបានអនុវត្តយ៉ាងតឹងរឹងបំផុត។
ក្នុងសារសំលេងដាក់ចេញបទបញ្ជាពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះការអនុវត្តន៍ច្បាប់ ដោយចាប់បញ្ជូនទៅកាន់តុលាការ ចំពោះជនបំពានច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឬវិធានការនានាដែលអាជ្ញាធរបានដាក់ចេញ។

សម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា នៅតែមានជនបំពានច្បាប់ និងវិធានការដែលអាជ្ញាធរបានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដូចជាការជួបជុំគ្នាផឹកស៊ី ឬការលួចធ្វើដំណើរឆ្លងខេត្តជាដើម។

សម្រាប់សម្តេចតេជោ ចំពោះជនទាំងនេះ មិនអាចលើកលែងបាននោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «ខ្ញុំរីករាយជាមួយព័ត៌មានថា មានអ្នកបំពានច្បាប់ ហើយត្រូវបានចាប់បញ្ជូនទៅតុលាការ។ ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តន៍ច្បាប់ចាប់បញ្ជូនទៅតុលាការដោយគ្មានការលើកលែង សម្រាប់មនុស្សណាក៏ដោយ ដែលបំពានលើបំរាមនៃការបិទខ្ទប់ ហើយក៏ដូចជាការបំពានទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយ»។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ទើបនឹងចេញបទបញ្ជាក្តៅៗបំផុត ចាត់វិធានកាទៅលើបុគ្គលដែលបានបំពានទៅលើបំរាមរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ទីបំផុត! វាយខ្នោះឧត្តមសេនីយ៍ទោ និងកូនចៅពីរនាក់បានដូចសម្រេច៕

ដោយ៖សុខ ខេមរា


ចែករំលែក៖