ខ្សែប្រយុទ្ធ Harry Kane បានរងរបួសបន្ទាប់ពីបានស៊ុតបាល់បញ្ចូលទី២គ្រាប់ដើម្បីជួយឲ្យក្រុម Tottenham ស្មើជាមួយក្រុមម្ចាស់ផ្ទះ Everton នៅ Goodison Park កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសៅរ៍នេះ។
៩ថ្ងៃមុនការប្រកួតផ្តាច់ព្រ័ត្រ League Cup និង៥៨ថ្ងៃមុនការប្រកួតបើកឆាកជើងឯកអឺរ៉ុប Harry Kane បានឈប់សម្រាកដោយសារបញ្ហាកជើង។ ខ្សែប្រយុទ្ធរូបនេះហាក់ដូចជាឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីប៉ះទង្គិចគ្នាជាមួយកីឡាករក្រុម Everton ។
អ្នកចាត់ការទូទៅលោក Jose Mourinho បាននិយាយថា លោកមិនដឹងថាតើរបួសនោះធ្ងន់ធ្ងរប៉ុណ្ណាទេ។
លោក Mourinho អះអាងថា “នោះក៏ជាសំណួរដែលខ្ញុំចង់បានចម្លើយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវាលឿនពេកហើយ។ សម្រាប់គាត់អាចនឹងមានបញ្ហាអ្វីមួយដែលអាចនឹងខកខាន”។
លោកបន្តថា “យើងទាំងអស់គ្នាមានការភ័យខ្លាចដូចគ្នាចំពោះអ្វីដែលរារាំងគាត់ក្នុងការលេងនៅថ្ងៃពុធ ជាពិសេសជាមួយក្រុម Southampton នៅ Premier League ហើយជាពិសេសនៅថ្ងៃអាទិត្យ គឺការប្រកួត LeagueCup វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែយើងនឹងឃើញគាត់”។
មុននេះ Kane ធ្វើបានល្អបំផុតក្នុងការប្រកួតរបស់ខ្លួនដោយរកបាន២គ្រាប់ជួយឱ្យក្រុមមាន់ខ្នាយមាស Spurs នាំមុខនៅតង់ទី១ នាទីទី២៧ និងដណ្តើមបានគ្រាប់បាល់ស្មើនៅតង់ទី២ នាទីទី៦៨។
ជាមួយគ្នានោះ ខ្សែប្រយុទ្ធ Gylfi Sigurdsson របស់ក្រុម Everton បានរកគ្រាប់បាល់ពីការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៣១ ហើយបានជួយឲ្យក្រុម Everton នាំមុខដោយរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ទៀតនៅនាទីទី៦២។
សូមបញ្ជាក់ថា លទ្ធផលស្មើនេះគឺធ្វើឲ្យក្រុម Tottenham ស្ថិតនៅលេខ៧ មាន៥០ពិន្ទុ ខណៈ Everton ឈរចំណាត់ថ្នាក់លេខ៨មាន៤៩ពិន្ទុ ចាញ់ក្រុមលេខ៤ West Ham ៥ពិន្ទុឯណោះប្រសិនបើក្រុមមាន់ខ្នាយមាសចង់ដណ្តើមយកចំណាត់ថ្នាក់ Top 4 ៕ដោយ៖ ភារៈ