ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដាក់ចេញបទបញ្ជាអនុវត្តការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅសម្រាប់ជួរកងទ័ព

ចែករំលែក៖

ភ្នំពេញ​៖ បើតាមលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ​ បានដាក់ចេញនូវបទបញ្ជាការអនុវត្តការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងជួរកងទ័ព។

ជាក់ស្ដែង​ក្នុងលិខិតនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ចំនួន៥ចំណុចមានដូចខាងក្រោម៖

-ទី១៖ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឲ្យម៉ឺងម៉ាត់បំផុតនូវសេចក្ដីសម្រេចលេខ ៤៩/សសរ របស់ប្រមុខរាជរដ្ឋាភិបាល និងសារាចរណែនាំលេខ ០០៦/សណន/២០២១ របស់ក្រសួងការពារជាតិ ស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

-ទី២៖ បណ្ដាស្ថាប័ននៅអគ្គបញ្ជាការដ្ឋាន មានមុខធ្វើការតែនាយទាហានដែលត្រូវវេនប្រចាំបញ្ជា និងប្រចាំការឲ្យកម្រិតអប្បបរមាតិចបំផុត ដើម្បីធានានិរន្ដភាពការងារប្រចាំថ្ងៃ យោធិនដែលរស់នៅក្នុងតំបន់ក្រហម (តំបន់ដែលមានការឆ្លងជំងឺកូវីដច្រើន) ត្រូវអនុវត្តទៅតាមវិធានរបស់អាជ្ញាធរមូលដ្ឋាន ចំពោះកងឯកភាពប្រមូលផ្ដុំមិនអនុញ្ញាតឲ្យយោធិនចេញក្រៅអង្គភាពជាដាច់ខាត។

-ទី៣៖ កងឯកភាពដែលមានភារកិច្ចសហការក្នុងការបិទខ្ទប់នេះ ត្រូវអនុវត្តតាមតួនាទីរបស់ខ្លួនឲ្យម៉ឹងម៉ាត់បំផុត និងការពារខ្លួនកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩។

-ទី៤៖ រយៈពេលអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខនេះតទៅ។

-ទី៥៖ នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តបទបញ្ជានេះឲ្យមានប្រសិទ្ធភាពខ្ពស់៕


ចែករំលែក៖