ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ តំណាងអយ្យការ លោក ឡុង ជាប បានធ្វើការចោទប្រកាន់អតីតលោកផ្កាយ២ អ៊ុង ចាន់ធួក នោះហើយ ក្រោយពីបានសាកសួរតាមនីតិវិធី ដោយលោកព្រះរាជអាជ្ញារង ឡុង ជាប បានសំរេចចោទប្រកាន់តាមមាត្រា ៣ មាត្រា៤ និងមាត្រា១១នៃច្បាប់ កូវីដ-១៩ ដោយអនុវត្ត នីតិវិធីបង្ហាញខ្លួនភ្លាម (មាត្រា ៤៧ ក្រមនីតិវិធីព្រហ្មទណ្ឌ) ត្រូវបញ្ជូនទៅ តុលាការជំនុំជម្រះ នៅរសៀលនេះ។ នេះបើតាមការបញ្ជាក់ប្រាប់អោយអង្គភាព “កាសែតនគរវត្ត” ពីលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការនៅមុននេះបន្តិច។ លោកបន្តថា, ក្រោយចប់សវនាការ តុលាការប្រកាសសាលក្រមផ្តន្ទាទោសយ៉ាងណា ខ្ញុំនឹងជំរាបជូន ពេលក្រោយ សូមអរគុណ ។
សូមជម្រាបជូនថា, ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុកពីជំងឺកូវីដ១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ តាមរបាយការណ៍បានបញ្ជាក់ថា, កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែកមនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។
មជ្ឈមណ្ឌលជាច្រើនបានលើកឡើងថា,ម៉ោងនេះហើយ មិនអាចបណ្តែតបណ្តោយយ៉ាងនេះទៀតឡើយ បើជាកងកម្លាំង ត្រូវបកស័ក្តិ បណ្តេញចេញពីក្របខ័ណ្ឌ និងគុក៕
ដោយ៖ សុខ ខេមរា