ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុននៅសេតវិមាន

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោកបៃឌិនបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នៅសេតវិមាននាថ្ងៃទី ១៦ខែមេសា(ពេលវេលានៅអាមេរិក)។ នេះជាកិច្ចប្រជុំកំពូលដំបូងគេបង្អស់របស់លោកបៃឌិនជាមួយមេដឹកនាំក្រៅប្រទេសនៅសេតវិមាន ចាប់តាំងពីឡើងកាន់តំណែង។
មេដឹកនាំប្រទេសទាំងពីរ បានជួបពិភាក្សាទ្វេភាគី ដោយមានរដ្ឋមន្ត្រីការបរទេស Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ Llyod Austin រួមទាំងទីប្រឹក្សាសន្តិសុខជាតិ Jake Sullivanនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Janet Yellenចូលរួមផងដែរ។
នៅក្នុងជំនួបពិភាក្សាគ្នានោះ ប្រធានាធិបតីបៃឌិន បញ្ជាក់ថា មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក គឺជាតំបន់«សេរី បើកចំហ»។ ចំណែកនាយករដ្ឋមន្ត្រីជប៉ុនវិញ មិនបានរំលឹកដល់ប្រទេសចិននោះឡើយ ប៉ុន្តែលោកSuga បានបញ្ជាក់ពីសារសំខាន់នៃបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់។ ក្រោយជំនួបពិភាក្សា មេដឹកនាំទាំងពីរបានទៅកាន់ទីលានសេតវិមានដើម្បីធ្វើសន្និសីទកាសែត ។
ប្រធានាធិបតីបៃឌិនបញ្ជាក់ថាប្រទេសទាំងពីរនឹងវិនិយោគលើវិស័យសេវា 5G និងវិស័យទូរគមនាគមន៍ជាច្រើនផ្សេងទៀត ។ ក្រៅពីនេះប្រទេសទាំងពីរ ក៏បានពិភាក្សាស្តីពីសន្តិសុខក្នុងតំបន់ ក៏ដូចជាភាពតានតឹងជាមួយចិននៅតំបន់សមុទ្រចិនខាងត្បូង និង សមុទ្រចិនខាងកើត ក៏ដូចជាស្ថានភាពឧបទ្វីបកូរ៉េ។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីជប៉ុនក៏បានជួបពិភាក្សាជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នៅសេតវិមាន ស្តីពីបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងប្រទេសទាំងពីរផងដែរ៕ ដោយ៖ ធីរីណា

រូបភាព៖ zingnews


ចែករំលែក៖