ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញដែលបានដាក់ចេញឱ្យលោក-លោកស្រី ជាអភិបាលខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការបិទខ្ទប់មិនឱ្យអ្នកដំណើរចេញចូលរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ។
សម្រាប់រដ្ឋបាលខណ្ឌច្បារអំពៅបានដាក់គោលដៅត្រួតពិនិត្យរិឹតបន្តឹងការធ្វើចរាចរណ៍ចេញចូលរាជធានីភ្នំពេញនិងក្រុងតាខ្មៅគ្រប់ផ្លូវទាំងអស់ ។
នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនៅគោលដៅគល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើត ព្រមទាំងត្រួតពិនិត្យ មើលលិខិតស្នាមដែលមានលក្ខណៈត្រឹមត្រូវទៅតាមគោលការណ៍ដែលបានកំណត់ទើបអនុញ្ញាតឱ្យចូលរាជធានីភ្នំពេញ ។
ជាមួយគ្នានេះដែរគណៈបញ្ជាការឯកភាពខណ្ឌបានឃាត់ម៉ូតូចំនួន៦គ្រឿង និងរថយន្តធុនធំចំនួន២គ្រឿងយកមករក្សាទុកបណ្តោះអាសន្ន ៕
ដោយ៖ សណ្តោស