ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាប្រកាសថានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ចែករំលែក៖

មេដឹកនាំអាស៊ាននឹងជួបប្រជុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ខែមេសាខាងមុខដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗនៅក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំនោះមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ។
នៅថ្ងៃទី១៧ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសបានប្រកាសថា ប្រមុខដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី២៤ខែមេសា។ នោះជាដំណើរទៅកាន់ក្រៅប្រទេសដំបូងបង្អស់របស់លោក Min Aung Hlaing ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១មក។
កាលពីថ្ងៃទី៥ខែមេសា ប្រទេសប្រ៊ុយណេ កាន់តំណែងជាប្រធានសមាគមអាស៊ានបានប្រកាសគាំទ្រជំនួបកំពូលរវាងមេដឹកនាំអាស៊ានធ្វើឡើងនៅទីក្រុងចាការតាប្រទេសឥណ្ឌូនេស៊ី ។
ប្រធានាធិបតីឥណ្ឌនេសុីលោក Joko Widodo កាលពីថ្ងៃទី១៩ខែមីនា បានប្រកាសថាលោកមានគម្រោងពិភាក្សាជាមួយព្រះមហាក្សត្រប្រ៊ុយណេ ស្តីពីស្ថានភាពសន្តិសុខនិងសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
មីយ៉ាន់ម៉ាធ្លាក់ក្នុងស្ថានភាពអសន្តិសុខចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ហើយចាប់ខ្លួនលោកស្រីអោងសាន ស៊ូជីនិងថ្នាក់ដឹកនាំជាច្រើនរូប។ ចាប់តាំងពីពេលនោះមក មានបាតុកម្មជាច្រើនកើតឡើងប្រឆាំងយោធា ។ មកទល់ពេលនេះមានអ្នកស្លាប់កើនឡើងដល់ទៅ៧២៨នាក់ហើយ និងរាប់ពាន់នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងពេលធ្វើបាតុកម្ម។
ក្នុងពេលនេះដែរ មេដឹកនាំយោធា លោក Min Aung Hlaing បានសម្រេចដោះលែងអ្នកទោស ដល់ទៅ២៣.០៤៧នាក់ ក្នុងនោះមានជនបរទេស១៣៧នាក់ ។ ជាមួយគ្នានេះដែរលោក Min Aung Hlaing ក៏បានសម្រាលទោសដល់អ្នកទោសជាច្រើនផងដែរ៕ ដោយ៖ ធីរីណា

រូបភាព៖Reuters 


ចែករំលែក៖