ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យ​ក្មេងម្នាក់​ ប្រេី​ម៉ាស៊ីន​កិនទឹកអំពៅមិនប្រយ័ត្នជ្រុលកៀបដៃចូលម៉ាស៉ីនរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អ្នកលក់ទឹកអំពៅវ័យក្មេងម្នាក់​ បាន​រង​របួស​ដៃ​ម្ខាងយ៉ាងធ្ងន់ធ្ងរ ខណៈ​ដែលនាងកំពុងកិនទឹកអំពៅមិន​ប្រយ័ត្ន​ត្រូវ​ម៉ាស៊ីន ក៏ជ្រុលដៃកៀប​ចូលម៉ាស៉ីន​ជាប់​ជាមួយ​ដុំ​ដង្កៀប​ដែកបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយអន្តរគមន៍​ និងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពទ្យបង្អែកខេត្តផងដែរ។

​ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅ​វេលា​ម៉ោងជាង​៤​ រសៀល ថ្ងៃ​ទី​១៧ មេ​សា ២០២១ ក្បែរ​រង្វង់​មូល​កែង​របង​សាលា​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច​ ខេត្តស្ទឹងត្រែង ។

នារី​រង​គ្រោះ​មានឈ្មោះ នឿ​ន ស្រី​នាង អាយុ​២៨​ឆ្នាំ រស់នៅ​ខាងក្រោយ​របង​សាលា​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

បេីតាម​ប្រភព​ព័ត៌មាន​ពីសាក្សីនៅកន្លែងកេីតហេតុ​ បានឲ្យ​ដឹង​ថា ជា​រៀងរាល់​ថ្ងៃ​ជនរងគ្រោះ​​តែងតែ​ដាក់​ធុង​ទឹកអំពៅ សណ្តោង​ទូ និង​ម៉ាស៊ីន​កៀប​អំពៅតាម​ម៉ូតូ ដើម្បី​ចល័ត​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ ប៉ុន្តែ​ជា​ធម្មតា​នាង​តែង​លក់​នៅ​ខាងលិច​រង្វង់​មូល ។

ប្រភពដដែល​ ​បន្ត​ថា ដោយសារ​តែ​មិន​បានប្រុង​ប្រយ័ត្ន ចៃដន្យ​ដៃ​របស់​នាង​បាន​ជ្រុល​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កៀប​ទឹកអំពៅ​ទាំង​មាន​ពាក់​ស្រោមដៃ​ជ័រ​អនាម័យ​បណ្ដាលឲ្យរងរបួសធ្ងន់។ ភ្លាមៗ​ប្រជាពលរដ្ឋ​ដែលនៅក្បែរនោះ​ បាននាំគ្នាជួយអន្តរាគមន៍ដោយដោះ​ម៉ូ​ទ័​រ និង​កាត់​ផ្តាច់​ដែក​ម៉ាស៊ីន​កិន​ទឹកអំពៅ​ ដេីម្បីជួយ​សង្គ្រោះ​យកដៃ​នាង​ចេញពី​ម៉ាស៊ីន រួចពួកគេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែងតែម្តង។

ក្រោយកេីតហេតុ​ បេីតាមប្រភពព័ត៌មាន​ពីអ្នកដែលជួយសង្គ្រោះជនរងគ្រោះ​ទៅមន្ទីរពេទ្យ​ ក៏បានបញ្ជាក់ដែរថា​ នារីរងគ្រោះ​បាន​រង​របួសធ្ងន់​ទៅ​លើ​ប្រអប់ដៃ​ខាងឆ្វេង៕ដោយ​៖សហការី​


ចែករំលែក៖