ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា បន្ទាប់ពីអ្នកឧកញ៉ា ហុង ពីវ និងអ្នកឧកញ៉ា លី យ៉ុងផាត់ បានប្រគល់អគាររៀបមង្គលការ ដែលស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដើម្បីចាត់ចែងសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩។
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ អាចដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ បានចំនួន ពី ១០០០-១៥០០គ្រែ សម្រាប់អគារវិមានពិភពថ្មី សែនសុខ អាចបានចំនួនជាង៨០០គ្រែ»។
លោកស្រី យក់ សម្បត្ដិ បានបន្ថែមទៀតថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែមេសានេះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារយើង ដើម្បីចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំ ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល នៅអគារវិមានពិភពថ្មី សែនសុខ រួចរាល់ហើយ។ ដោយឡែកនៅពេលរសៀលថ្ងៃដដែលនេះ នឹងបន្ដចុះពិនិត្យរៀបចំនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខបន្តទៀត។
បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា៖ គិតមកត្រឹមថ្ងៃអាទិត្យនេះ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល មានចំនួន ៧ទីតាំងហើយ គឺមាននៅ៖ វិទ្យាល័យជាស៊ីម សាមគ្គី ដាក់ព្យាបាលអ្នកជំងឺ ចំនួន ២៦០គ្រែ , អគារម៉ូឌែន ដាក់អ្នកជំងឺជាង ២៣០គ្រែ, អគារនៅពោធិ៍ចិនតុង ១៦០គ្រែ, អគារការកោះពេជ្រ ដែលជាអំណោយរបស់ អ្នកឧកញ៉ា ពុង ឃាងសែ ចំនួន ៨០០គ្រែ, វិទ្យាល័យជម្ពូវ័ន្ដ ជិត៧០គ្រែ, អគារវិមានពិភពថ្មី សែនសុខ របស់អ្នកឧកញ៉ា ហុង ពីវ ចំនួនជាង៨០០គ្រែ និងនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ ចំនួន ពី ១០០០-១៥០០គ្រែ៕
ដោយ៖សហការី