ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តកណ្ដាលឃុំខ្លួនបុរសស្រវឹងស្រា បើកឡានបុកម៉ូតូស្លាប់ម្នាក់ និងរបួសជាច្រើននាក់នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ លោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រចចេញដីកាឃុំខ្លួនបុរសស្រវឹងស្រាជោគជាំម្នាក់ បើករថយន្តបុកម៉ូតូបណ្តាលអោយស្លាប់ម្នាក់ និងរបួស៦នាក់ផ្សេងទៀត ទាំងយប់នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

តៃកុងរថយន្តជាជនបង្ករត្រូវចោទពីបទ “បើកបរដោយធ្វេសប្រហែស មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យរងរបួស និងស្លាប់ដល់អ្នកដទៃ និងបើកបរក្នុងស្ថានភាពស្រវឹង ” តាមបញ្ញាត្តិមាត្រា៨៣ , ៨៥ និងមាត្រា៧៧ នៃក្រមព្រហ្មទណ្ឌ ” ។

ដែលប្រព្រឹត្តនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចខាងមុខមន្ទីរសម្ភព​ពិសិដ្ឋ​ លើផ្លូវ២១ ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនត្រូវចោទមានឈ្មោះ ឈ្មោះ ផុ​ន​ ថៅរ៉ុម ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦៩ភូមិក្រពេីហាកេីត សង្កាត់​ព្រែក​ឬស្សី​ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​ ។

បើតាមសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានអោយដឹងថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី ត្រង់ចំណុចខាងមុខមន្ទីរសម្ភព​ពិសិដ្ឋ​ លើផ្លូវ២១ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល មានរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ទឹក​មាស ពាក់ស្លាកលេខភ្នំពេញ​2S-3326 បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងមកជេីង មកដល់ចំណុចកេីតហេតុខាងលេី ក៏បានបុកជាមួយម៉ូតូម៉ាក Honda cub ជ្រុង​ ពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 1BZ-1186អ្នកបើកម៉ូតូមានឈ្មោះ​ សោម​ ដានី​ ភេទស្រី​ អាយុ​៤៥ឆ្នាំ​ មានទីលំនៅភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​(រងរបួសបាក់ជេីងខាង​ឆ្វេង​) និង​អ្នករួម​ដំណើរ​ពី​ក្រោយ​ឈ្មោះ​ សាម៉េត​ នី​បញ្ញា​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ ត្រូវ​ជា​កូន​មាន​ទីលំនៅ​ ជាមួយ​គ្នា​  (រងរបួសស្រាល​)​ ម៉ូតូ​បើកក្នុងទិសដៅពី ជេីងទៅត្បូង​រួចបត់​ឆ្វេង​ត្រឡប់ក្រោយ​ ។ រួចរថយន្តខាងលេីបានរេចង្កូតទៅបុកនិងម៉ូតូចំនួន៣គ្រឿង​ទៀតមាន ៖ ម៉ូតូ​ទី១​ មានម៉ាក​ Honda សង់​ ប៊ិច​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1BF-2600​ អ្នកបើកម៉ូតូមិនទាន់ស្គាល់​ រងរបួសធ្ងន់​ បេីក​ម៉ូតូ​មាន​ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​។

ម៉ូតូ​ទី២​ មានម៉ាក​ Honda scoopy ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ភ្នំពេញ​1BU-1239 អ្នកបេីកម៉ូតូមានឈ្មោះ​ អន​ ស្រី​និច​ ភេទស្រី​អាយុ​២៣ឆ្នាំ​មានទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​តាខ្មៅ​ក្រុងតាខ្មៅ​ខេត្ត​កណ្ដាល​ (ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ជ័យ​ជំនះ​) និងអ្នករួមដំណេីរពីក្រោយ​ ២នាក់​ ទី១ឈ្មោះ​ ហ៊ាង​ សុខ​ហ៊ុន​ ភេទស្រី​ អាយុ​១៤​(របួស​ស្រាល​) ទី២ឈ្មោះ​ ចាន់​ស្រី​លក្ខ​ ភេទស្រី​អាយុ​១៨ឆ្នាំ(របួស​ស្រាល​)មានទីលំនៅ​ជាមួយគ្នា​ បេីក​ម៉ូតូ​មាន​ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​។ ទី​៣​ មានម៉ាក​ Honda click ពណ៌​ ស​ពាក់​ស្លាក​លេខ​កណ្ដាល​1z-0344អ្នកបេីកម៉ូតូមានឈ្មោះ​ តាំង​ ម៉េងហុង​ ភេទប្រុស​ អាយុ​៤៩មានទីលំនៅ​ភូមិ​លេខ១ក​ សង្កាត់​ស្វាយ​រលំ​ក្រុងតាខ្មៅ​ខេត្ត​កណ្ដាល​  (របួសធ្ងន់​បាក់ជេីង​ខាងឆ្វេង​)ម៉ូតូ​បេីក​មាន​ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​នគរបាលក្រុងតាខ្មៅ ដើម្បី​ចាត់ការ​តាមនីតិវិធីច្បាប់ ៕

ដោយ៖ ឆដា


ចែករំលែក៖