ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាមប្រជុំពិនិត្យពិភាក្សា ស្តីពីការស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ ការសុំលុបភូមិ ការកាត់ភូមិ និងការកំណត់ឈ្មោះភូមិ

ចែករំលែក៖

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ស្តីពីការស្នើបង្កើតភូមិថ្មី ការស្នើសុំបំបែកភូមិ ការស្នើសុំលុបភូមិ ការស្នើសុំកាត់ភូមិ និងការកំណត់ឈ្មោះភូមិ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្ត្រីរាជការសាលាខេត្តមួយចំនួនទៀត។

គូរបញ្ជាក់ផងដែរថា ចំពោះភូមិដែលរដ្ឋបាលឃុំ-សង្កាត់ បានស្នើសុំបង្កើតភូមិថ្មី, ការបំបែកភូមិ និងការលុបភូមិរបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ រួមមាន៖ ការស្នើសុំបង្កើតភូមិថ្មី ចំនួន០៧ ភូមិ, ភូមិដែលស្នើសុំបំបែក ចំនួន៤១ ភូមិ, ភូមិស្នើសុំលុប ចំនួន០៨ និងភូមិស្នើសុំកាត់ចេញ ចំនួន០២ ភូមិ។

ខេត្តកំពង់ចាម បច្ចុប្បន្នមានស្រុក-ក្រុង ចំនួន ១០ ឃុំ-សង្កាត់ ១០៩ និងភូមិចំនួន ៩១៦  ដោយមិនទាន់រាប់បញ្ចូលភូមិដែលត្រូវបានស្នើសុំបង្កើតថ្មីនៅឡើយទេ៕

ដោយ៖ សូរិយា


ចែករំលែក៖