ព័ត៌មានទាន់ហេតុការណ៍៖

បិទជាបណ្តោះអាសន្នទីតាំងចំនួន ៣កន្លែង រួមមាន មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង វត្តទួលសទ្ធាសត្ថារាម និងផ្សារព្រៃខ្មែរ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសេចក្តីសម្រេច ស្តីពី ការបិទជាបណ្តោះអាសន្នទីតាំងចំនួន ៣កន្លែង រួមមាន មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង វត្តទួលសទ្ធាសត្ថារាម និងផ្សារព្រៃខ្មែរ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានសម្រេច:
ប្រការ ១.ត្រូវបិទជាបណ្ដោះទីតាំងចំនួន ៣កន្លែង ក្នុងខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានខាងក្រោមនេះ
១. មន្ទីរសម្រាកព្យាបាល “ផ្សារឆ្នាំង” ស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
– ត្រូវហ៊ុំព័ទ្ធទីតាំងមន្ទីរសម្រាកព្យាបាល “ផ្សារឆ្នាំង” ទាំងមូល
– ប្រមូលបុគ្គលិកធ្វើការនៅមន្ទីរសម្រាកព្យាបាល “ផ្សារឆ្នាំង” ទាំងអស់ធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្ត រកមេរោគកូវីដ-១៩

– ស្រាវជ្រាវអ្នកធ្លាប់ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយមន្ទីរសម្រាកព្យាបាល “ផ្សារឆ្នាំង ក្នុងកំឡុងពេល១៤ថ្ងៃមុន ជាបន្ទាន់។

២.វត្តទួលសទ្ធាសត្ថារាម “ហៅវត្តភ្នំយោង ” ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៖
– ផ្អាកការចេញចូលវត្តជាបណ្តោះអាសន្ន

– ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក
– ក្នុងករណីព្រះសង្ឃ និងអ្នកស្នាក់នៅវត្ត ឬអ្នកពាក់ព័ន្ធមានរោគសញ្ញាសង្ស័យ ត្រូវប្រញ៉ាប់ទំនាក់ទំនងមក ក្រុមការងារ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកទៅពិនិត្យ។
៣.ផ្សារព្រៃខ្មែរ ស្ថិតក្នុងភូមិស្កករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៖

– ផ្អាកសកម្មភាពលក់ដូរ និងការចេញចូលផ្សារព្រៃខ្មែរជាបណ្តោះអាសន្ន
– ចំពោះអាជីវករ និងអ្នកធ្លាប់ចេញចូលផ្សារព្រៃខ្មែរ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ បើមានរោគ សញ្ញាសង្ស័យ ត្រូវប្រញ៉ាប់ទំនាក់ទំនងមកក្រុមការងារ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយក សំណាកទៅពិនិត្យ។

ការបិទជាបណ្តោះអាសន្នទីតាំងចំនួន ៣កន្លែង ខាងលើ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បន្ទាប់ពី រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ នូ ចុល រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ប្រការ ២..ចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ សូមអញ្ជើញមកជួបក្រុម ការងារ ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅតាមទីកន្លែងបានកំណត់ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ តទៅរៀងរាល់ពេលម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ។

ប្រការ ៣.សេចក្តីសម្រេចណាដែលមានខ្លឹមសារផ្ទុយត្រូវទុកជានិរាករណ៍។
ប្រការ៤..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងរដ្ឋបាលឃុំ សង្កាត់ពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖