ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមេខ្យល់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ខេមេសា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿងបន្តទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់។

ជនសង្ស័យឈ្មោះ នឹម វណ្ណា ភេទប្រុសអាយុ ៦៨ឆ្នាំ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ។

 លោក ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថាជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានធ្វើការឃាត់ខ្លួនជាមួយនិងពលករខ្មែរប្រុស ស្រី ចំនួន០២នាក់ មានឈ្មោះ តោ សូរិយ៉ា ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិស្រះឈូក ឃុំស្រះជីក ស្រុកភ្នំស្រុក និងឈ្មោះ មាត បឹម ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិជាមួយគ្នា ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ នៅចំណុចច្រកស្តុកស្តោរ ក្នុងភូមិសាស្ត្រឃុំគោករមៀត ស្រុកថ្មពួក រួចបានបញ្ជូនខ្លួនទាំង០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក ។

លោកអធិការបានបញ្ជាក់ថា៖ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យ ជនសង្ស័យឈ្មោះ នឹម វណ្ណា ត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការឃាត់ខ្លួននៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ និងបានបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ចំណែកពលករប្រុសស្រី ទាំង០២នាក់នោះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក ៕​

ដោយ៖ វណ្ណា


ចែករំលែក៖