ខេត្តកំពង់ឆ្នាំង៖ ជនបរទេសម្នាក់ជាជនជាតិបារាំងម្នាក់ត្រូវគេប្រទះឃើញស្លាប់ នៅក្នុងផ្ទះសំណាក់មួយ រហូតធុំក្លិនស្អុយទើបដឹងដល់ម្ចាស់ផ្ទះ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
បើតាមការបញ្ជាក់របស់អ្នកមើលការផ្ទះសំណាក់(យីហោប្រជុំមិត្តផ្ទះសំណាក់និងបន្ទប់ជួល)បានឲ្យដឹងថា ជនជាតិបារាំងដែលស្លាប់នេះ បានមកជួលបន្ទប់ស្នាក់នៅ មានរយៈពេលជាង២ឆ្នាំមកហើយ ។
អ្នកមើលថែផ្ទះសំណាក់បានបញ្ជាក់ទៀតថា គាត់ពុំដឹងថាជនបរទេសនេះស្លាប់តាំងពីពេលណាដែរ មុនការភ្ញាក់ផ្អើលនេះ មានធុំក្លិនស្អុយចេញពីបន្ទប់ដែលជនបរទេសនោះស្នាក់នៅ ដែលមានបិទទ្វារជាប់ ។ដោយធុំក្លិនដូចនេះ ក៏គោះទ្វារហៅ តែមិនឮឆ្លើយសោះ ក៏សម្រេចចិត្តបើកទ្វារបន្ទប់ ក៏ប្រទះឃើញសពជនរងគ្រោស្លាប់ហើមស្អុយបាត់ទៅហើយ ។
ក្រោយពីឃើញដូចនេះភ្លាមៗនោះក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះមកកោសល្យវិច័យ ចំណែកក្រុមគ្រូពេទ្យបានចុះមកយកសំណាកបន្ទាន់ផងដែរ ។
ក្នុងករណីនេះសមត្ថកិច្ចបញ្ជាក់ថា តាមបទបញ្ជារបស់អភិបាលខេត្ត គឺមិនអនុញ្ញាតឲ្យអ្នកដែលនៅក្នុងបរិវេណនៃផ្ទះសំណាក់នេះចាកចេញឡើយ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ។ចំណែកសាកសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិបារាំងដែលស្លាប់នេះមានឈ្មោះ ម៉ាកលុចសៀនហ្វ្រេន ភេទប្រុសអាយុ៦៤ឆ្នាំ ហើយនៅលើសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ៕
ដោយ៖ ចន្ថា