ភ្នំពេញ៖ នៅព្រឹកទី២១ ខែមេសា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងយ៉ាងដូច្នេះថា, កងយោធពលខេមរភូមិន្ទ ជាពិសេស ពេទ្យយោធា បានឈរប្រកៀកស្មាយ៉ាងស្វាហាប់ ជាមួយកងទ័ពអាវសរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩។ ពួកគាត់បានលះបង់ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិនិងប្រជាជន។
សម្តេចពិជ័យសេនា ទៀ បាញ់ រំឮកសូមបងប្អូនកងទ័ព ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” ទោះបីជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានមកដល់ជាបន្តបន្ទាប់ ហើយយុទ្ធនាការនៃការចាក់វ៉ាក់សាំងរបស់យើង ដំណើរការបានយ៉ាងល្អទៅតាមផែនការក៏ដោយ។
សូមបញ្ជាក់ថា, អគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការរកឃើញនាយទាហាន វិជ្ជមានកូវីដ-១៩ , ២នាក់ថ្នាក់ឧត្តមសេនីយ៍ទោ និងថ្នាក់ វរសេនីយ៍ទោ។
អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ សូមប្រកាសព័ត៌មានជម្រាបជូនដល់នាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់ឱ្យបានជ្រាបថា លោក កៀក ប៊ុនឈឿន អត្តលេខ០១៣៦៨៥ ឋានន្តរសក្ដិ ឧត្តមសេនីយ៍ទោ មុខងារ នាយករង នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ មានទីលំនៅ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និង កញ្ញា អ៊ួង សុរ៉ាន់ដារ៉ា អត្តលេខ១៩២០០៦ ឋានន្តរសក្តិ វរសេនីយ៍ទោ មុខងារ នាយផ្នែកកិច្ចការនារី ការិយាល័យអប់រំចិត្តសាស្ត្រ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ទីលំនៅបច្ចុប្បន្ន ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។
បញ្ជាក់ៈ អ្នកជំងឺទាំង២នាក់ធ្លាប់បានចាក់វាក់សាំងចំនួន២លើករួចហើយ ។
ក្រោយទទួលបានសេចក្ដីប្រកាសព័ត៌មាននេះ សូមនាយទាហាន នាយទាហានរង និងពលទាហាន និងអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវអនុវត្តតាមវិធានការការពារកូវីដ-១៩របស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់បំផុត៕
ដោយ ៖ សិលា