ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបំបាក់ Bayer Leverkusen ក្រុម Bayern Munich ត្រូវការឈ្នះតែ១ប្រកួតទៀតប៉ុណ្ណោះនឹងលើកពានលីកកំពូលអាល្លឺម៉ង់រដូវកាលនេះ

ចែករំលែក៖

ក្រុម Bayern Munich ត្រូវការឈ្នះតែ១ការប្រកួតក្នុងលីកក្នុងចំណោមការប្រកួត៤ដែលនៅសល់របស់ពួកគេដើម្បីដណ្តើមបានពានរង្វាន់លីកកំពូលអាល្លឺម៉ង់ Bundesliga ជាបន្តទៀត ក្រោយពីទទួលបានជ័យជម្នះទៅលើ Bayer Leverkusen កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមេសា ក្នុងលទ្ធផល ២ទល់០។

ខ្សែប្រយុទ្ធ Eric Stim Choupo-Moting អតីតកីឡាករមកពីក្រុម Stoke បានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ទី១ នៅនាទីទី៧ ក្នុងតង់ទី១ នៅពេលដែលរូបគេបានវិលត្រឡប់ចូលទីលានវិញបន្ទាប់ពីការបញ្ជូនបាល់ពីចម្ងាយរបស់ Thomas Muller ។

ចំណែកគ្រាប់ទី២របស់ក្រុម Bayern Munich រកបានដោយខ្សែបម្រើ Joshua Kimmich នៅនាទីទី១៣បានធ្វើឲ្យនាំមុខ ២-០ នៅតង់ទី១ដដែល។ ចំណែកការប្រកួតក្នុងតង់ទី២ គឺមិនមានគ្រាប់បាល់បញ្ចូលទីនោះទេ ដោយក្រុមម្ចាស់ផ្ទះ Bayern Munich បានគ្រប់គ្រងបាល់រហូតដល់៦១ភាគរយ និងស៊ុតចំគោលដៅ៨ដង ខណៈដែលក្រុមភ្ញៀវ Bayer Leverkusen មានតែ៤ដងប៉ុណ្ណោះ។

ក្រោយពីជ័យជម្នះនេះធ្វើឲ្យក្រុម Bayern Munich មាន១០ពិន្ទុលើសក្រុមលេខ២ RB Leipzig ដែលបានចាញ់ ២-១ នៅ Koln កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ មេសាដែរ។

នេះមានន័យថា ក្រុមយក្សរបស់អាល្លឺម៉ង់ត្រូវការតែ៣ពិន្ទុទៀតប៉ុណ្ណោះនឹងលើកពានរង្វាន់ Bundesliga រដូវកាលនេះដោយស្វ័យប្រវត្តិ ដែលលីកកំពូលមួយនេះនៅដល់៤ប្រកួតទៀតនឹងចប់រដូវកាល។

បច្ចុប្បន្នខ្សែប្រយុទ្ធ Eric Stim Choupo-Moting បានរកគ្រាប់បាល់បញ្ចូលទីចំនួន៣ប្រកួតជាប់ៗគ្នា នៅក្នុងអាជីពរបស់គាត់ដែលធ្លាប់បានធ្វើដូច្នេះកាលពីខែមីនា ឆ្នាំ២០១៤ នៅពេលគេលេងនៅក្លិប Mainz ។

ក្រុម Bayern Munich អាចឈ្នះក្រុម Mainz ក្នុងការប្រកួតនៅថ្ងៃសៅរ៍នេះ ហើយក៏ជាពានរង្វាន់ទី៧ដែរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Hansi Flick នៅក្លិបនេះមុនពេលគាត់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ៕ដោយ៖ ភារៈ


ចែករំលែក៖