ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ បង្ហាញផែនទី «តំបន់ក្រហម» ដែលឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅតំបន់មួយចំនួនក្នុងខណ្ឌមានជ័យ, ពោធិ៍សែនជ័យ និងខណ្ឌទួលគោក​

ចែករំលែក៖

ភ្នំពេញ​៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញផែនទីចំណុច «តំបន់ក្រហម» ដែលកំពុង​ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក។

ជាក់ស្ដែង​ទីតាំងដែលត្រូវរដ្ឋបាលរាជធានីភ្នំពេញ កំណត់ជា «តំបន់ក្រហម» នៅក្នុងរាជធានីភ្នំពេញនោះរួមមានដូចខាងក្រោម៖

-ទី១៖ ភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ។

-ទី២៖ ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

-ទី៣៖ ភូមិ១៤, ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

គួរបញ្ជាក់ថា​ ចំណុច​ «តំបន់ក្រហម» ដែល​រាជរដ្ឋាភិបាលបានកំណត់ថា ជាតំបន់ដែលមានការឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ហើយត្រូវរឹតបន្ដឹងការអនុវត្តវិធានការឲ្យបានម៉ឺងម៉ាត់បំផុត។

គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រមទាំងហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងកាត់តែច្រើន។​ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណា ម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិ បាល លេខ៤៩សសរ.ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចនឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ និងផាកពិន័យ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោស។

ការប្រកាសដាក់បទបញ្ជាដាច់ណាត់របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេសមួយបញ្ជាឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើងផ្ទុយពីវិធានការរបស់រាជរដ្ឋាភិ បាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ៕​

ខាងក្រោមនេះ​មានរូប​ទីតាំង​ដែលរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញផែនទីចំណុច «តំបន់ក្រហម»

ដោយ៖ស តារា


ចែករំលែក៖