ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាស ស្តីពី ការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញក្រសួងពាណិជ្ជកម្មសម្រាប់លក់គឿងឧបភោគ បរិភោគចាំបាច់ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា យោងតាមសេចក្ដីណែនាំ លេខ ០១ សណន ស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ក្រសួង បានដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញក្រសួងពាណិជ្ជកម្មសម្រាប់លក់គ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះតទៅ។
ដើម្បីធ្វើការបញ្ជាទិញ សូមចូលទៅកាន់គេហទំព័រ shop.moc.gov.kh ឬតាម QR Code ខាងក្រោម៖
ក្នុងករណីត្រូវការជំនួយក្នុងការប្រើប្រាស់ផ្សារអនឡាញ ឬការបញ្ជាទិញ សូមទាក់ទងមកកាន់លេខ ទូរស័ព្ទ៖ 012 767 043 / 089 355 696 / 069 524 499 / 015 805 313 / 017 855 011 ។
ក្រោយពីទទួលបានការបញ្ជាទិញ ក្រុមការងារនឹងរៀបចំចាត់ចែងការដឹកជញ្ជូនទៅដល់មុខផ្ទះ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សុខ ខេមរា