ព័ត៌មានទាន់ហេតុការណ៍៖

នាវាមុជទឹកឥណ្ឌូនេស៊ីបាត់ខ្លួន ជាមួយនាវឹក៥៣នាក់

ចែករំលែក៖

នាវាមុជទឹក KRI Nanggala-402 របស់កម្លាំងទាហានជើងទឹកឥណ្ឌូនេស៊ី បានបាត់ខ្លួននៅតំបន់សមុទ្រកោះបាលី នាថ្ងៃទី២១ខែមេសា ដោយមាននាវឹក៥៣នាក់។ នាវានេះបាត់ខ្លួនពេលចូលរួមធ្វើសមយុទ្ធនៅតំបន់សមុទ្រកោះបាលី។
អ្នកនាំពាក្យកម្លាំងទាហានជើងទឹកឥណ្ឌូនេស៊ី លោក Julius Widjojono បានឱ្យដឹងថា នាវាមុជទឹក KRI Nanggala-402 ផលិតដោយប្រទេសអាល្លឺម៉ង់បានបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា ក្រោយការបាញ់មីស៊ីលបុកក្នុងពេលធ្វើសមយុទ្ធ។

មេបញ្ជាការកម្លាំងទាហានឥណ្ឌូនេស៊ី លោក Hadi Tjahjanto បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «យើងកំពុងស្វែងរកនាវាមុជទឹកនិងនាវឹក៥៣នាក់នៅតំបន់សមុទ្រកោះបាលីមានចម្ងាយពីកោះ៩៦គីឡូម៉ែត្រ ។ នាវាមុជទឹកបាត់ទំនាក់ទំនងនៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២១ខែមេសា។

លោក Hadi Tjahjanto បន្តទៀតថា លោកសង្ឃឹមទទួលបានការជួយអន្តរាគមន៍ពីប្រទេសអូស្ត្រាលី និងសិង្ហបុរី ក្នុងការស្វែងរកនាវាមុជទឹកខាងលើ ។ នៅពេលនេះ ក្រសួងការពារជាតិសិង្ហបុរី ក៏ដូចជាអូស្ត្រាលី មិនទាន់ផ្តល់ចម្លើយនៅឡើយទេ ពេលសារព័ត៌មានរ៉យទ័រទំនាក់ទំនងទៅ។

នៅលើគេហទំព័ររបស់កម្លាំងទាហានជើងទឹកឥណ្ឌូនេស៊ី បានបញ្ជាក់ថា នាវា KRI Nanggala-402 មានចំណុះ ១៣៩៥តោន បានផលិតនៅឆ្នាំ១៩៧៨។ នាវានេះបានឆ្លងកាត់ការជួសជុលម្តងរួចមកហើយនៅ កូរ៉េខាងត្បូង នាឆ្នាំ២០១២ ។ ពីមុន ឥណ្ឌូនេស៊ីមាននាវាមុជទឹក ដល់ទៅ១២គ្រឿង ប៉ុន្តែក្រោយមកបានបន្ថយចុះនៅសល់តែ ៥គ្រឿងប៉ុណ្ណោះ ដោយសារតែនាវាមានអាយុកាលប្រើប្រាស់យូរឆ្នាំ៕ ដោយ៖ ធីរីណា

រូបភាព ៖ VOV


ចែករំលែក៖