ខេត្តស្វាយរៀង៖ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងបានឱ្យដឹងនារសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២១នេះថា លោកពិតជាមានចិត្តរីករាយសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាបាលរូបលោកបានជាសះស្បើយពីជំងឺកូវីដ-១៩និងបន្តធ្វើចត្តាឡីស័កបន្ថែម១៤ថ្ងៃទៀត។
បន្ទាប់ពីបានធ្វើចត្តាឡីស័កបន្ថែម១៤ថ្ងៃហើយ លោកបានបន្តធ្វើតេស្តយកសំណាកម្តងទៀតជាលើកចុងក្រោយ គឺលទ្ធផល(អវិជ្ជមាន)។
លោកបានបន្ថែមទៀតថា បន្ទាប់ពីបានឆ្លងកាត់កាលៈទេសៈដ៏លំបាកនេះហើយ និងឆ្លើយតបទៅនិឹងការខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល ក៏ដូចជាការជូនពរ បន់ស្រន់របស់ពុកម៉ែ មីងមា បងប្អូន មហាមិត្តជិតឆ្ងាយទាំងអស់សម្រាប់រូបលោក ពេលនេះបានវិលទៅបំពេញការងារជូនរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋវិញហើយ ដោយភ្ជាប់ជាមួយវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលជានិច្ច។
លោកសរ សុដានី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង, លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង, លោក ឌី វិជ្ជា ប្រធានស ស យ ក ខេត្តស្វាយរៀង, លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈក៏ដូចជា លោក ម៉ែន វិបុល អភិបាលខេត្ត , ប្រធានក្រុមប្រឹក្សាខេត្ត, លោកលោកស្រីជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់, មន្ត្រីរាជការ, ពុកម៉ែ មីងមាយាយតា បងប្អូនប្រជាពលរដ្ឋ និងមិត្តភក្តិជិតឆ្ងាយទាំងអស់។ ជាពិសេសកងទ័ព(អាវស) ដែលតែងតែលើកទឹកចិត្តដល់រូបលោកជានិច្ច ហើយព្យាបាលដោយយកចិត្តទុកដាក់បំផុត រហូតមកដល់ថ្ងៃនេះបានជាសះស្បើយ
និងសូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ ៣កុំ ពិសេសសូមកុំយកការភ័យខ្លាចទៅជាការរើសអើង៕
ដោយ៖ យឹម សុថាន