តាំងពីការផ្ទុះកូវីដ-១៩ គឺមិនដែលមានប្រទេសណាឆ្លងខ្ពស់រហូតដល់ ៣សែននាក់ក្នុងមួយថ្ងៃនោះឡើយ។ ប៉ុន្តែពេលនេះ ឥណ្ឌាមានអ្នកឆ្លងលើសពី៣សែននាក់ហើយ ក្នុងមួយថ្ងៃ ។ ជាមួយស្ថានភាពនៃការឆ្លងកើនឡើងខ្ពស់ និងចំនួនពលរដ្ឋច្រើន ឥណ្ឌាអាចនឹងដេញទាន់អាមេរិកស្តីពីចំនួនអ្នកឆ្លងកូវីដ-១៩ច្រើនបំផុតលើពិភពលោក។
តាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១នេះបានផ្សាយថា អ្នកឆ្លងចំនួន ៣១៥,៨០២នាក់ទៀតត្រូវបានធ្វើតេស្តរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះក្នុងប្រទេសឥណ្ឌា និងស្លាប់កើនឡើងដល់ ២,១០២នាក់ក្នុងពេល ២៤ម៉ោងដូចគ្នា។
តួលេខឆ្លង និងស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃខាងលើនេះ គឺជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតសម្រាប់ឥណ្ឌា ស្ថិតនៅចំពោះមុខការ lockdown រដ្ឋធានីញូវដេលីរហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ និងការអំពាវនាវពីសំណាក់ លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ឲ្យពលរដ្ឋចូលរួមជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតដ៏អាក្រក់លើកនេះ។
បញ្ហាចម្បងធំមួយសម្រាប់ប្រទេស ដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់មួយនេះ គឺការខ្វះខាតមន្ទីរពេទ្យ គ្រឿងបរិក្ខារពេទ្យ និងអុកស៊ីហ្សែនផ្គត់ផ្គង់នៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តារដ្ឋភាគខាងត្បូង និងភាគកណ្តាលប្រទេស ដែលកំពុងរងការរាតត្បាតជំងឺ COVID-19 ខ្លាំងក្លាជាងគេ។
ចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ជិត ១៦លានករណី ក្នុងនោះមានអ្នកស្លាប់ ១៨៤,៦៧២នាក់ និងជាសះស្បើយឡើងវិញ ១៣.៤៥លាននាក់។ ការឆ្លងរាតត្បាតយ៉ាងគំហុកនេះត្រូវបានគេមើលឃើញចាប់តាំងពីក្រុមអ្នកកាន់សាសនាហិណ្ឌូទូទាំងប្រទេសឥណ្ឌាប្រារព្ឋពិធីសាសនាប្រចាំឆ្នាំដោយបាននាំគ្នាចុះមុជទឹកទន្លេគង្គាដ៏ច្រើនកកកុញនោះមក៕
ដោយ៖ ធីរីណា(រូបភាព៖ANI)