ភ្នំពេញ ៖ មានស្រ្តីម្នាក់ដែលជួលបន្ទប់នៅជាន់ទី១បានឆ្លងជំងឺកូវីដ-១៩ពីមិត្តប្រុសរបស់គាត់ ហើយក្រសួងសុខាភិបាលបានឱ្យប្រជាពលរដ្ឋរស់នៅជុំវិញទីនោះចំនួន៧៧គ្រួសារធ្វើចត្តាឡីស័កឃុំខ្លួន១៤ថ្ងៃ រួចក្រុមគ្រូពេទ្យបានមកយកសំណាកទៅធ្វើតេស្ត តែលទ្ធផលចុងក្រោយអវិជ្ជមានកូវីដ-១៩។ពេលឃុំខ្លួនធ្វើចត្តាឡីស័កនោះ បងប្អូនប្រជាពលរដ្ឋទាំង៧៧គ្រួសារនោះមានការខ្វះខាតម្ហូបអាហារ តែត្រូវបានអាជ្ញាធរផ្ដល់អង្ករស្បៀងអាហារផ្សេងៗជូននារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមនបានថ្លែងប្រាប់ប្រជាពលរដ្ឋទាំង៧៧គ្រួសារថាអរគុណបងប្អូនដែលបានចូលរួមធ្វើចត្តាឡីស័កឃុំខ្លួនមិនចេញពីផ្ទះដោយសារតែមានស្រ្តីម្នាក់ ឈ្មោះ មាស បុរី អាយុ២១ឆ្នាំ មុខរបរផ្នែកសាឡន បានជួលបន្ទប់ខាងលើមានវិជ្ជមានកូវីដ-១៩ ហើយមានការសង្ស័យក៏ប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរនិងក្រសួងសុខាភិបាលព្រមយកសំណាកចំនួន២លើកដែលមានរយៈពេល១៤ថ្ងៃប៉ុន្តែលទ្ធផលអវិជ្ជមាន ។ នៅពេលនេះលោកបានចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
អំណោយដែលទទួលបានក្នុង១គ្រួសារ រួមមាន៖
-អង្ករ១ប៉ាវ ទម្ងន់២៥គីឡូក្រាម
-មី ០១កេស
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ
-ត្រីខ ០១យួរ
-ម៉ាស់ ១០។ ក្នុងនោះអាជ្ញាធរស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ខ្ជាប់នូវវិធានការ៣ការពារ ៣កុំ ហាមមានការជួបជុំនិងមិនអនុញ្ញាតឱ្យចេញពីផ្ទះក្រៅពីគ្មានភារកិច្ចចាំបាច់ណាមួយឬ១គ្រួសារអាចឱ្យចេញទៅទិញគ្រឿងបរិភោគចំណីអាហារ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល “លេខ៥០ស.ស.រ ចុះ ថ្ងៃទី១៧ខែមេសា ឆ្នាំ២០២១ស្តីពីការ កែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជ ធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕
ដោយ៖ ជីណា