ភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេសុី។
សូមជម្រាបជូនថា, តបតាមការអញ្ជើញរបស់ប្រទេសព្រុយណេដារ៉ូសាឡឹម ជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងឱកាសកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួនបីគឺ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។
នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកម្មវិធីអាហារស្វាគមន៍ពេលល្ងាច ដែលរៀបចំឡើងដោយលោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្រី្តការបរទេសឥណ្ឌូនេស៊ី នៅល្ងាចមុនថ្ងៃប្រជុំមេដឹកនាំអាស៊ាន ។
ខណៈនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចេញដំណើរទៅកាន់ទីក្រុងហ្សាការតា ដើម្បីអម សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍កន្លងទៅថា, ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី។
ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។
ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ ខ្ញុំត្រូវអោយភរិយាខ្ញុំនាំកូននិងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយខ្ញុំ ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។ មានអ្នកអោយយោបល់ខ្ញុំថាដោយសារខ្ញុំចាក់វ៉ាក់សាំងរួចហើយ ខ្ញុំគួរធ្វើចត្តាឡីស័ក៧ថ្ងៃបានហើយ តែខ្ញុំបានប្រាប់ទៅពួកគាត់វិញថាខ្ញុំចង់ធ្វើអោយប្រាកដថាខ្ញុំមិនមានវិជ្ជមានកូវីដ-១៩ នោះទេព្រោះខ្ញុំត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់ខ្ញុំទាំងតូចទាំងធំតែងមកលេងច្របាច់ជើង
និងគេងលើគ្រែព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា៕
ដោយ៖ សុខ ខេមរា