ព័ត៌មានទាន់ហេតុការណ៍៖

SpaceX នាំអវកាសយានិកចំនួន ៤នាក់ទៅកាន់ស្ថានីយអវកាសនាវេលាទៀបភ្លឺថ្ងៃទី ២៣ ខែមេសា

ចែករំលែក៖

ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានអវកាសដឹកអវកាសយានិក៤រូបឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS នៅព្រឹកថ្ងៃទី ២៣ខែមេសា (ពេលវេលាអាមេរិក)។ យានអវកាស Crew Dragon នឹងបាញ់ចេញពីជើងទម្រ 39A ស្ថិតនៅក្នុងមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសា នាវេលាម៉ោង ៥និង៤៩នាទីព្រឹក (ម៉ោងក្នុងតំបន់) ដោយប្រើប្រាស់មីស៊ីល Falcon 9។
ក្នុងចំណោមអ្នកអវកាស៤រូបដែលបានបញ្ជូនឡើងស្ថានីយអវកាសនោះ គឺមាន២រូបមកពី NASA ផ្ទាល់ ១រូបមកពីទីភ្នាក់ងារអវកាសជប៉ុន និងមួយរូបទៀតមកពីទីភ្នាក់ងារអវកាសអឺរ៉ុប ត្រូវបានបញ្ជូនចេញពីមជ្ឈមណ្ឌលអវកាស Kennedy ដែលស្ថិតក្នុងរដ្ឋផ្លរីដា ដោយប្រើប្រាស់រ៉ុក្កែត Falcon 9 និងយាន Crew Dragon ឈ្មោះ Endeavour របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX។
យាន Crew Dragon ត្រូវបានបាញ់ឡើងទៅដល់គន្លងអវកាសដោយសុវត្ថិភាព និងកំពុងឆ្ពោះទៅកាន់ស្ថានីយ ISS។ គេរំពឹងថាវានឹងទៅដល់ក្នុងរយៈពេល២៤ម៉ោងទៀត។ បេសកកម្មថ្ងៃសុក្រនេះ ដែលហៅថា Crew-2 គឺជាជោគជ័យលើកទី៣ហើយដែល NASA បានប្រើប្រាស់គ្រាប់រ៉ុក្កែត និងយានអវកាសរបស់ក្រុមហ៊ុន SpaceX ដើម្បីនាំអវកាសយានិក ឡើងទៅស្ថានីយអវកាសអន្តរជាតិ។
ស្ថានីយអវកាស ISS នាពេលបច្ចុប្បន្ន មានកិច្ចសហប្រតិបត្តិការរវាងអាមេរិក រុស្ស៊ី អឺរ៉ុប កាណាដា និងជប៉ុន ប៉ុន្តែតួនាទីសំខាន់ គឺស្ថិតនៅលើអាមេរិកនិងរុស្ស៊ី ។ ប៉ុន្តែនៅពេលនេះរុស្ស៊ីមានគម្រោង ដកខ្លួនចេញពីស្ថានីយអវកាស ISS ដើម្បីបង្កើតស្ថានីយដាច់ដោយឡែករបស់រុស្ស៊ីផ្ទាល់៕ ដោយ៖ ធីរីណា

រូបភាព៖ madebyvn


ចែករំលែក៖