ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការងារផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី២ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានរបៀបរៀបរយ និងមានសណ្ដាប់ធ្នាប់ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់អ្នកមកទទួលសេវាចាក់វ៉ាក់សាំង។ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ធ្វើការបិទបណ្ដោះអាសន្នទាំងផ្សាររដ្ឋ ទាំងផ្សារលក់លើផ្លូវសាធារណៈ ដែលគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ និងឈានទៅរកការកាត់ផ្ដាច់នៃការរីករាលដាលនៃមេរោគកូវីដ១៩។
សូមបញ្ជាក់ថា, កិច្ចប្រជុំនេះចូលរួមពីអភិបាលទាំង១៤ខណ្ឌ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ទើបចប់ត្រឹមម៉ោង១១យប់ថ្ងៃដដែល ពិសេសការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ តាមសេចក្តីជូនដំណឹង ៕
ដោយ៖ សុខ ខេមរា