ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីល្មើសនឹងបម្រាមគោចររបស់រដ្ឋបាលខេត្ត និងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងបានលុងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។
ការឃាត់ខ្លួនជនសង្ស័យល្មើសបម្រាមគោចរនិងរក្សាទុកសារធាតុញៀននោះគឺកម្លាំងសមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង២២៖៣០នាទីថ្ងៃទី២២ ខែមេសាឆ្នាំ២០២១នៅចំណុចមុខផ្ទះសំណាក់តាំងនីហេង ស្ថិតក្នងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ការចុះល្បាតនោះដឹកនាំដោយលោក ងិន ណែល ប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុងនិងក្រោមការសម្របសម្រួលនិីតិវិធីដោយលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។
ជនសង្ស័យដែលជាប់ពាក់ព័ន្ធករណីល្មើសនឹងបម្រាមគោចររបស់រដ្ឋបាលខេត្តនិងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែងហើយត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននោះឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាយោធា រស់នៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី
ហើយលទ្ធផលធ្វើតេស្តរកឃើញសារធាតុញៀនវិជ្ជមាន(+)។
ក្នុងពេលសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួននោះគឺបានរកឃើញវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១កូនថង់តូចទម្ងន់០.៣៤ក្រាមថ្លឹងទាំងសំបកថង់, ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ1H-6872 ចំនួន១គ្រឿង, ទូរស័ព្ទម៉ាកអូប៉ូពណ៌ទឹកមាសចំនួន១គ្រឿង, ទូរស័ព្ទម៉ាកវីហ្វូនចំនួន១គ្រឿង, ប្រាក់ចំនួន
៧៣.០០០ រៀល , ដែកកេះចំនួន២និងដបទឹកសុទ្ធមួយ។
ក្រោយពេលបង្ក្រាបបានជនសង្ស័យរួមទាំងវត្ថុតាងហើយ កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋានក្រុងបានលុងដើម្បីស៊ើបអង្កេតនិងស្រាវជ្រាវបន្ត រួចហើយកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការតាមច្បាប់៕
ដោយ៖ ជីវ័ន្ត