ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បន្តចែកអំណោយសប្បុរសធម៌ ជូនពលរដ្ឋ១០០០គ្រួសារ នៅខណ្ឌច្បារអំពៅដើម្បីជួយរំដោះការលំបាក ខណៈ រួមគ្នាផ្ដាច់ជំងឺកូវីដ-១៩

ចែករំលែក៖

       ភ្នំពេញ៖  លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដែលជាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួន១០០០គ្រួសារមកពីសង្កាត់ទាំង៨នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

   ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវលេខ៣៦៩ ជាប់ផ្សារបន្លែច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយមានប្រជាពលរដ្ឋចូលរួមជាតំណាង ចំនួន២៥០នាក់ប៉ុណ្ណោះ ជាមួយនិឹងការរក្សាគម្លាតសុវត្ថិភាពល្អប្រសើរ ។ ចំពោះប្រជាពលរដ្ឋជាង៧០០គ្រួសារទៀត អាជ្ញាធរច្បារអំពៅជាអ្នកចែកបន្ត ។

   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ការបិទខ្ទប់ភូមិឋានរបស់បងប្អូនជាការសម្រេចចិត្តដ៏លំបាកបំផុតរបស់រាជរដ្ឋាភិបាល ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ពិសេសត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្តវិធានការ៣ការពារ ៣កុំ ជាប់ជានិច្ច។

   លោក ឃួង ស្រេង បន្តទៀតថា បើបងប្អូនមានការអត់ធ្មត់ ចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានល្អប្រសើរជុំវិញការបិទខ្ទប់រហូតកាត់ផ្ដាច់ជំងឺកូវីដ-១៩ បាន នោះ រដ្ឋាភិបាលនឹងបើកក្រុងឡើងវិញ ហើយនៅពេលបើកឡើងវិញ មិនមានប្រឈមនឹងជំងឺកូវីដ-១៩នោះ កម្ពុជាយើងនឹងដំណើរការប្រសើរឡើងវិញ ហើយជីវភាពប្រជាពលរដ្ឋក៏ប្រសើរឡើងវិញព្រមៗគ្នាផងដែរ។

  លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមទៀតថា៖ មានជនអគតិមួយចំនួនបានតែស្រែក ពេលមានបញ្ហាលំបាកមិនដែលឃើញមុខពួកគេនោះចុះមកជួយប្រជាពលរដ្ឋឡើយ មានតែសម្ដេចតេជោទេដែលបាននៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណាក៏ដោយ។ ជាក់ស្តែងសម្រាប់សភាពការណ៍ពេលនេះ សម្ដេចតេជោបានចាត់ចែងឱ្យអាជ្ញាធរចុះចែកគ្រឿងឧបភោគបរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋនៅតំបន់ត្រូវបិទខ្ទប់ និងចុះសួរសុខទក្ខប្រជាពលរដ្ឋជាប្រចាំ បើមានការខ្វះខាតអ្វីយើងជួយពួកគាត់បានភ្លាមៗតែម្តង ដោយមិនទុកឱ្យពួកគាត់អត់បាយឡើយ។

  គួរបញ្ជាក់ថា៖ អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ មានជីវភាពខ្វះខាតខាងលើនេះ មានចំនួន ១.០០០គ្រួសារ មកពីសង្កាត់ទាំងប្រាំបីនៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ៕

ដោយ៖ សំរិត


ចែករំលែក៖