ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ តំណាងអយ្យការអមសាលាដំបូងខេត្តបានចោទ ប្រកាន់អតីតឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួក៦នាក់ទៀតចំនួន៣បទល្មើស ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សដោយខុសច្បាប់ពីខេត្តស្វាយរៀងទៅរាជធានីភ្នំពេញ។
លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា អតីតឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកចំនួន៦នាក់ ត្រូវបានចោទប្រកាន់ពីបទ៖
* ទី១-បុគ្គល ស៊ុំ ពៅ ត្រូវចោទប្រកាន់ពីបទជួញដូរមនុស្ស និងបក្ខពួកពីបទសមគំនិតលក់ដូរមនុស្សប្រព្រឹត្តនៅខេត្តស្វាយរៀង និងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើនេះជាបទល្មើសមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា១៣, មាត្រា១៥ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
* ទី២- ផ្ដើមគំនិតក្នុងការប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈប្រព្រឹត្តនៅខេត្តស្វាយរៀង និងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើនេះជាបទល្មើសមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៨ និងមាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ។
* ទី៣-ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ (ដោយប្រើប្រាស់រថយន្តម៉ាក Hummer ពាក់ស្លាកលេខខេមរភូមិន្ទ ២-៩១៧០ និងរថយន្តម៉ាក Camry ពាក់ស្លាកលេខ2N-4801 ពាក់ស្លាកលេខក្លែងក្លាយ) ប្រព្រឹត្តនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើជាបទល្មើសមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៧៩ នៃច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ការចាប់ខ្លួនយោធាផ្កាយពីរ និងបក្ខពួក បានធ្វើឡើងនៅវេលាម៉ោង៣៖០០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលបំពានបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញមិនឲ្យធ្វើដំណើរចេញ-ចូល ឆ្លងពីរាជធានីភ្នំពេញទៅខេត្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចដើរល្បាតបានប្រទះឃើញរថយន្តសង្ស័យចំនួន៤គ្រឿង នៅខាងមុខសណ្ឋាគារ TTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនឡើងចូលក្នុងរថយន្ត ក៏ឃាត់សាកសួរទើបបែកធ្លាយរឿងរត់ពន្ធដឹកជនជាតិចិនចេញពីខេត្តស្វាយរៀងទៅរាជធានីភ្នំពេញទើបចាប់ឃាត់ខ្លួនតែម្តង។
ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយជាប់ពាក់ព័ន្ធការរត់ពន្ធមនុស្ស។ ក្នុងព្រះរាជក្រឹត្យ បានត្រាស់បង្គាប់យ៉ាងដូច្នេះថា «មាត្រា១៖ ដកហូតឋានន្ដរស័ក្ដិនាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទចំពោះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ»៕
ដោយ៖យឹម សុថាន