ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យកម្លាំងនៅអង្គភាពមួយចំនួន ដែលរួមមាន វិទ្យាស្ថានកងទ័ពជើងគោក, បញ្ជាការដ្ឋានការពារកោះ-ឆ្នេរ, បញ្ជាការដ្ឋានកងវិស្វកម្មអគ្គបញ្ជាការ និងកងពលតូចលេខ៧០ ដើម្បីត្រៀមអន្តរាគមន៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
នៅចំពោះមុខថ្នាក់ដឹនាំ នាយទាហាន នាយទាហានរង និងពលទាហាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងអំពីសភាពការណ៍រាតត្បាតជំងឺកូវីដ-១៩ នៅលើសាកលលោក ក៍ដូចជាសភាពការណ៍កូវីដ-១៩ នៅក្នុងតំបន់ និងនៅកម្ពុជា។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានក្រើនរំលឹកអំពីការបង្កើនការយកចិត្តទុកដាក់ដល់ការគ្រប់គ្រងកម្លាំងនៅតាមបណ្ដាអង្គភាពទាំងអស់ ដោយហាមការចេញចូលក្នុងបន្ទាយ ជំរុំកស្នាក់នៅ ដែលនាំឲ្យប៉ះពាល់រាលដាលឆ្លងជំងឺកូវីដ-១៩ ដល់អង្គភាព។
ទន្ទឹមនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រៀប ត្រៀមលក្ខណៈជាស្រេច ដើម្បីអន្តរាគមន៍នៅពេលណាមានបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។
បន្ថែមលើនេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានឲ្យថ្នាក់ដឹកនាំ មេបញ្ជាការ ត្រួតពិនិត្យឡើងវិញ អំពីការចាក់វ៉ាក់សាំងចំពោះកងទ័ព និងគ្រួសារកងទ័ពដែលមិនទាន់បានចាក់៕
ដោយ៖ សុខ ខេមរា