ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ទីក្រុងហ្សាការតា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចបជុំរបស់មេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ទីក្រុងហ្សាកាតា។ 

តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah | Mu’lzzaddin Waddaulah) នៃប្រទេសព្រុយណេ ដារ៉ូសាឡឹម ជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំរបស់ មេដឹកនាំអាស៊ាន ដែលបានរៀបចំនៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ នេះគឺជាកិច្ចប្រជុំកំពូលលើកទី១ក្នុងទម្រង់ជាការចូលរួមដោយផ្ទាល់ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២០។

មេដឹកនាំអាស៊ានបានពិនិត្យមើលវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ដែលកំពុងបន្ត ដំណើរការទៅមុខ និងពិភាក្សាអំពីការងារឆ្ពោះទៅរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមនានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឆ្លើយតប និងស្ដារឡើងវិញពី ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ស្តីពីទំនាក់ទំនងខាងក្រៅតំបន់មេដឹកនាំអាស៊ានបានលើកអំពី សារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកភាពជាដៃគូររវាងអាស៊ាន និងដៃគូខាងក្រៅគ្រប់លំដាប់ថ្នាក់ ហើយក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការឯកភាព និងមជ្ឈភាពរបស់អាស៊ាន ដើម្បីប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហាប្រឈមរួមគ្នា និងថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ។

មេដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ រួម ជាពិសេសការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មេដឹកនាំអាស៊ានបានសម្រេចការឯកភាពគ្នាជាឯកឆន្ទ លើប្រាំចំណុចស្ដីពីជំហានចាំបាច់ ដើម្បីបន្ធូរបន្ថយភាពតានតឹង បង្កលក្ខណៈសម្រាប់កិច្ចសន្ទនា និងបោះ ជំហានទៅមុខជាបន្តបន្ទាប់ទៅរកដំណោះស្រាយដោយសន្តិវិធី ដែលរួមមាន (១)ការបញ្ឈប់រាល់អំពើហិង្សា (២)កិច្ចសន្ទនាប្រកបដោយស្ថាបនារវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍ប្រជាជន (៣)ការចាត់ តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ (៤)គ្រប់គ្រងគ្រោះមហន្តរាយ(៥)ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកអំពីបទ ពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តនយោបាយឈ្នះ- ឈ្នះ ដើម្បីនាំមកនូវសន្តិភាព និងការផ្សះផ្សា ជាតិឋិតថេរយូរអង្វែង និងបានស្នើឡើងនូវជំហានជាក់ស្តែងមួយចំនួន ពោលគឺ (១)ការបញ្ឈប់ អំពើហឹង្សា និងការប្រកាន់ភាពអត់ធ្មត់បំផុតដោយគ្រប់ភាគីពាក់ព័ន្ធ (២) ការទទួលតួនាទីអាស៊ាន និងការបញ្ជូនប្រេសិតពិសេសទៅមីយ៉ាន់ម៉ា ដើម្បីជួយអន្តរាគមន៍សម្របសម្រួល និង(៣)ការអនុញ្ញាតឲ្យ មានការផ្តល់ជំនួយមនុស្សធម៌ពីអាស៊ាន ដែលបានរួមចំណែកដល់ការឯកភាពគ្នាជាឯកឆន្ទលើប្រាំចំណុច។ សម្តេចតេជោក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្ត និងការប្តេជ្ញាកំរិតនយោបាយពីគ្រប់ ភាគីពាក់ព័ន្ធ ក្នុងការធ្វើសម្បទានដើម្បីសម្រុះសម្រួលការព្រួយបារម្ភរបស់ផងគ្នា និងការផ្តោតគោលបំណង ធំបំផុតទៅលើការបញ្ឈប់បង្ហូរឈាមគា្ន សន្តិភាព និងភាពសុខដុមចីរកាល។ សម្តេចតេជោនាយករដ្ឋមន្តី បានមានប្រសាសន៍ផងដែរអំពីការចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បី សម្រេចគោលដៅកសាងសហគមន៍អាស៊ាន បើទោះបីមានការរាំងស្ទះដោយសារជំងឺកូវីដ-១៩ ក៏ដោយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូរវាងអាស៊ាន និងដៃគូខាងការងារ ព្រមទាំងគាំទ្រដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូសន្ទនារបស់អាស៊ាន។

ដោយឡែក ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាននេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតឱកាសជួបជាមួយ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីផ្លាស់ ប្តូរយោបល់អំពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជា និង ឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចំរើននៃទំនាក់ទំនងទ្វេភាគី និង សហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ហើយបានប្តេជ្ញាខិតខំទ្វេដង ដើម្បីរឹតចំណងទាក់ ទងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីរបានថ្លែងអំណរគុណ ដល់គ្នាទៅវិញទៅមក ចំពោះការចាក់វ៉ាក់សាំងជូនដល់មន្ត្រីការទូត និងប្រជាជនឥណ្ឌូនេស៊ីនៅកម្ពុជា ក៏ដូច ជាមន្ត្រីការទូត និងប្រជាជនកម្ពុជានៅឥណ្ឌូនេស៊ី ហើយបានយល់ស្របអំពីសារៈសំខាន់នៃកិច្ចសហប្រតិ បត្តិការជិតស្និទ្ធដើម្បីយកឈ្នះលើវិបត្តិសុខភាពដែលមិនធ្លាប់មានពីមុនមក និងពង្រឹងភាពរឹងមាំ។

ក្នុងថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានជំនួបជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិដែលមានការចាប់អារម្មណ៍និងកង្វល់រួម។ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តដូចគ្នាចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា – វៀតណាម ដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍នៃការជឿទុកចិត្តគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព សន្តិភាព និងស្ថិរភាព។ នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ និងទៅអនាគត។

ជាថ្មីពីការប្តេជ្ញាចិត្ត ថែរក្សា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ និងឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្បែរតំបន់ អន្តរជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណឥណ្ឌូនេស៊ី និងវៀតណាម ចំពោះការគាំទ្រកម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ក្នុងឆ្នាំ២០២១នេះ និងប្រធានអាស៊ានក្នុងឆ្នាំ២០២២៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖