ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតដាក់លក់ទំនិញតម្លៃក្រោមទីផ្សារដើម្បីសម្រួលដល់ ប្រជាពលរដ្ឋ ក្រោយពីតំបន់មួយចំនួនក្នុងក្រុងត្រូវបានបិទខ្ទប់ ការពារជំងឺការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញវិជ្ជមានលើជនជាតិឥណ្ឌូនេស៊ីម្នាក់ ខណៈដែលមានជនឆ្លាតឱកាសតំឡើងថ្លៃទំនិញ ត្រូវបានអាជ្ញាធរចុះណែនាំអប់រំ បើមិនអនុវត្តលក់ដូរតម្លៃធម្មតាវិញទេ និងចាត់វិធានការច្បាប់។
សកម្មភាពរបស់អាជ្ញាធរដែលដាក់លក់ទំនិញតម្លៃក្រោមទីផ្សារក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលបិទខ្ទប់ជាបណ្តោះអាសន្ននេះ ចាប់ផ្តើមលក់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចខ្លោងទ្វារខាងលិចផ្សារអគ្គៈថ្មី(ជួរលក់បង្អែម) ក្រុងប៉ោយប៉ែត មានលក់ទំនិញដូចជា៖ មី ត្រីខកំប៉ុង អង្ករ ពងមាន់ ពងទា ដែលមីមួយកេសតូចតម្លៃ ២០,០០០រៀល, ត្រីខ១០កំប៉ុងតម្លៃ១៩,០០០រៀល, ពងមាន់៣០គ្រាប់តម្លៃ១៣,០០០រៀល ពងទា៣០គ្រាប់តម្លៃ១៣,០០០រៀល, អង្ករខ្សាយ៥០គីឡូក្រាមតម្លៃ១២០,០០០រៀល។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ការលក់ដូរផ្គត់ផ្គង់ដល់ពលរដ្ឋត្រូវមានកំណត់ ដែល មួយគ្រួសារ ទិញបានអង្ករ១ការ៉ុង៥០គីឡូក្រាម, មី២កេសតូច, ត្រីខ២០កំប៉ុង, ពងមាន់៣០គ្រាប់ ពងទា៣០គ្រាប់ ។
ចំណែកប្រជាពលរដ្ឋដែល នៅចំណុចតំបន់ក្រហម គឺអាជ្ញាធរនឹងជញ្ជូនទៅលក់ដល់កន្លែងតែម្តង ដោយមិនអនុញ្ញាតឲ្យពួកគាត់ដើរ ចេញក្រៅនោះឡើយ។ ក្នុងនោះជាវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រដ្ឋបាលក្រុង បានប្រើរថយន្តដាក់ ឧបករណ៍បំពងសម្លេង(មេក្រូ) ប្រកាសបើសិន ជាមានប្រជាពលរដ្ឋមានការខ្វះខាត គ្រឿងឧបភោគ បរិភោគ និងមានបញ្ហាអ្វីមួយចាំបាច់ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងឈរជើង នៅគ្រប់ច្រកល្ហកទាំងអស់ដែលនៅជិតផងដែរ៕
ដោយ ៖ វណ្ណា