ភ្នំពេញ៖ កងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនមុខកម្ពុជា ថៃ ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទិសទី២ នៃយោធភូមិភាគទី៤ ព្រមទាំងគ្រួសារកងទ័ពផងនោះ បានបន្តចូលរួមទៅទទួលការចាក់វ៉ាក់សាំងជាលើកទី២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ដែលក្រុមគ្រូពេទ្យបន្តបើកយុទ្ធនាការចាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។
កងទ័ព និងគ្រួសារកងទ័ពទទួលការចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម (SINOPHARM) ចំនួន ៤៦១នាក់ ដែលជាជំហានទី២ ដូសទី២ ទៅតាមកាលកំណត់របស់ក្រសួងសុខាភិបាល ជូនដល់កងកម្លាំកងការពារព្រំដែន និងគ្រួសារ ដែលក្នុងនោះរួមមាន កងពលតូចថ្មើរជើងលេខ៤១ចំនួន១១៨ នាក់ កងការពារព្រំដែនគោកលេខ៤០៣ ចំនួន១៥៨នាក់ ផ្នែកសឹករងអន្លង់វែងចំនួន១១២នាក់ និងផ្នែកសឹករងត្រពាំងប្រាសាទចំនួន៧៣នាក់។
ជាមួយគ្នានេះដែរ ក្នុងដំណើរការចាក់វ៉ាក់សាំងជំហានទី២ ដូសទី២ដល់កងទ័ព និងគ្រួសារកងទ័ព នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ដែលមានឧត្តមសេនីយ៍ត្រី ផៃ សុផាត នាយសេនាធិការកងពល បានដឹកនាំចាត់តាំងកម្លាំងអោយរៀបចំរបៀបរៀបរយបានយ៉ាងល្អ ចំពោះសកម្មភាពនៅពេលចាក់វ៉ាក់សាំង។ ហើយជាងនេះទៅទៀត ដោយមានការចូលរួមសហការពីកងទ័ព និងគ្រួសារកងទ័ពដែលមកចាក់វ៉ាក់សាំង ពួកគាត់បានអនុវត្តនូវវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនដូចជា ពាក់ម៉ាស លាងដៃនឹងអាល់កុល វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាពបានយ៉ាងល្អទៀតផង៕
ដោយ ៖ សិលា