ឧត្តមសេនីយ៍ទោមួយរូប និងទាហាន៧រូប បានធ្វើដំណើរទៅកាន់ភូមិ Dambet នៅវេលាម៉ោង ៩និង២០នាទី ដោយជិះម៉ូតូ៤គ្រឿង បានស្លាប់ក្រោយពីប៉ះទង្គិចគ្នាដោយកាំភ្លើងជាមួយក្រុមឧទ្ទាមនៅក្នុងតំបន់នោះ។
សារព័ត៌មាន ឥណ្ឌូនេស៊ី Antara បានផ្សាយថា ប្រធានសាខាក្រុមចារកិច្ចជាតិឥណ្ឌូនេស៊ី(BIN)ស្ថិតនៅខេត្ត Papua ឧត្តមសេនីយ៍ Putu Danny Karya Nugraha បានស្លាប់ក្នុងពេលបាញ់ប្រហារគ្នាជាមួយក្រុមឧទ្ទាមនៅក្នុងភូមិ Dambet ស្រុក Puncak វេលាម៉ោង ១៥និង៥០នាទី (ម៉ោងក្នុងតំបន់) ថ្ងៃទី២៥ខែមេសា។
ស្នងការប៉ូលិសខេត្ត Papua លោក Mathius Fakhiri បានបញ្ជាក់ថាឧត្តមសេនីយ៍ទោ Putu រួមជាមួយកម្លាំងសន្តិសុខ៧នាក់បានទៅកាន់ភូមិ Dambet នៅវេលាម៉ោង ៩និង២០នាទីតាមម៉ូតូ៤គ្រឿង។ ក្រោយមកលោកនិងក្រុមសន្តិសុខបានផ្ទុះអាវុធជាមួយក្រុមឧទ្ទាម ហើយក៏ស្លាប់តែម្តង។
នៅថ្ងៃទី២៦ខែមេសា ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Joko Widodo បានចេញបញ្ជាឲ្យកម្លាំងទាហាន ដឹកនាំដោយមេទ័ព Hadi Tjahjanto តាមចាប់ខ្លួនក្រុមឧទ្ទាមដែលបានវាយប្រហារសម្លាប់ ឧត្តមសេនីយ៍ទោ Putu ។ ប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាក់ថា «មិនមានទីតាំងសម្រាប់ក្រុមជនល្មើសប្រដាប់អាវុធនៅឥណ្ឌូនេស៊ីឡើយ»។
កន្លងមក ក្រុមឧទ្ទាមនៅ Papua ក៏បានបើកការវាយប្រហារទៅលើស្រុកជាច្រើន ដូចជា Puncak និង IntanJaya សម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន ក្នុងនោះមានទាំង អ្នករត់តាក់ស៊ី សិស្ស គ្រូបង្រៀន និងអ្នកលក់ទំនិញផងដែរ៕ដោយ៖ ធីរីណា

រូបភាព៖Twitter
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច