ព័ត៌មានទាន់ហេតុការណ៍៖

ថៃ៖​ អ្នកស្លាប់ច្រើនដោយសារកូវីដ-១៩​ ក្នុង​រយៈពេល​មួយថ្ងៃចំនួន ១៥នាក់ ខណៈឆ្លងថ្មីទៀត​ជាង​ ២ពាន់នាក់

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមសារព័ត៌មានថៃ The Nation​ បានដកស្រង់ប្រភពព័ត៌មានពីអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) នៅថ្ងៃព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ​ អ្នកជំងឺ COVID-19 រហូតដល់ ១៥នាក់ទៀតហេីយ​ បានបាត់បង់ជីវិត ចំពោះ​ករណីស្លាប់នេះ​ គឺច្រើនបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសមួយនេះ។

អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 បានបញ្ជាក់ទៀតថា​ ជាមួយគ្នានោះ​ ក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកឆ្លងជំងឺ COVID-19 សរុប ២,១៧៩នាក់ថ្មីបន្ថែមទៀត​ ក៏ត្រូវបានអាជ្ញាធរថៃ​ រកឃើញផងដែរ។ ក្នុងនោះ ២,១៤៩នាក់ជាករណីឆ្លងក្នុងស្រុក និង ២៥នាក់ទៀតជាករណីនាំចូលមកពីក្រៅប្រទេស។ ទីក្រុងបាងកក, ខេត្តឈៀងម៉ៃ, ខេត្តឈុនបុរី និងសាមុតប្រាកាន នៅតែតំបន់ដែលកំពុងរងការវាយលុក ខ្លាំងក្លាជាងគេដោយសារ COVID-19 នៅក្នុងប្រទេសថៃ។

បន្ថែមពីនេះ​ អាជ្ញាធរ​ CCSA ពេលនេះអ្នកជំងឺ COVID-19 កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ បានកើនឡើងដល់ជិត ២៦,០០០នាក់ ក្នុងនោះ ១៦៩នាក់កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយមានបំពាក់ឧបករណ៍ជំនួយការដកដង្ហើម។

គួរបញ្ជាក់ថា​ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 នៅថៃកើនដល់ជិត ៦០,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៦៣នាក់ និងជះស្បើយឡើងវិញជិត ៣២,០០០នាក់៕ដោយ​៖ស​ តារា​


ចែករំលែក៖