ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែពិសាព ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការចម្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានការចូលរួមពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជំនាញ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំធំសាលាខេត្ត។
លោក ម៉ុម សារឿន បានមានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញកន្លង ទទួលបានជោគជ័យជាបន្តបន្ទាប់ ពិសេសលើការទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមូលដ្ឋានខេត្តស្ទឹងត្រែង។
លោក អភិបាលខេត្តបានបន្តថាអាជ្ញាធរខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធបានខិតខំការពារបូរណភាពទឹកដីកម្ពុជា និងបានចូលរួមដោះស្រាយ សម្របសម្រួលនូវរាល់បញ្ហានានាដែលកើតឡើងតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ និងទប់ស្កាត់មិនឲ្យមានឆ្លងកាត់ព្រំដែនរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ដើម្បីបញ្ជៀសការឆ្លងជំងឺកាចសាហាវ កូវីដ-១៩ និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសន្តិភាពតាមបន្ទាត់ព្រំដែន។
ក្នុងឱកាសនោះដែរលោក ម៉ុម សារឿន បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នាជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្នុងការបន្តសកម្មភាពប្រយុទ្ធ ទប់ស្កាត់មិនឲ្យមានការចម្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះទៅកាន់ប្រជាពលរដ្ឋក្នុងសហគមន៍៕
ដោយ ៖ សិលា