ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរង កងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៣ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពបិទខ្ទប់ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក យឿងសុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និង លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងដែលបានអនុវត្តផែនការបិទខ្ទប់របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៏ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និង លោកឧត្តមសេនីយ៍ត្រី ស សុត មេបញ្ជាការរង កងពលលេខ៣១ បានឡើងរាយការណ៍ស្ដីពី ការប្រើប្រាស់កម្លាំងកងទ័ពរបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងកងពលលេខ៣១ ដែលបានចូលរួមសហការអនុវត្តផែនការបិទខ្ទប់ ក្រុងព្រះសីហនុ ។

លោក គួច ចំរើន ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍កោតសរសើរដល់កងកម្លាំងដែលបានចូលរួមអនុវត្តនូវផែនការបិទខ្ទប់ក្រុងព្រះសីហនុ ។

លោក មានប្រសាសន៍សង្ខេបស្ដីពីប្រវត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងខេត្តព្រះសីហនុ ជូនដល់អង្គពិធីសំណេះសំណាលបានជ្រាប ។

ឧត្តមសេនីយ៏ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ មានប្រសាសន៍កោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានចូលរួមអនុវត្តន៍នូវវិធានការបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ ។ លោកក៏មានប្រសាសន៍ដាស់តឿនផងដែរដល់កងកម្លាំងទាំងអស់ត្រូវសាមគ្គីឱ្យបានល្អជាមួយកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន អាជ្ញាធរដែនដី និងត្រូវប្រកាន់ខ្ជាប់នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ក្នុងឱកាសនោះដែរ លោក យឿង សុខុន បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ និងបរិក្ខាពេទ្យ ព្រមទាំងថវិកា របស់ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកមកប្រគល់ជូនឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។

បន្ទាប់មក លោក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះធ្វើការបិទខ្ទប់ ភូមិសាស្រ្តក្រុងព្រះសីហនុជាបណ្តោះអាសន្ន នៅតាមចំណុចគោលដៅនានាខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យឆ្លងកាត់ពីក្រុងព្រះសីហនុ ទៅកាន់ ស្រុកនិងបណ្ដាខេត្តផ្សេងទៀត និងប្រជាពលរដ្ឋមកពីបណ្ដាស្រុក និងខេត្តផ្សេងទៀតក៏មិនអនុញ្ញាតឱ្យចូលក្រុងព្រះសីហនុផងដែរ តាមបទបញ្ជារបស់ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដោយក្នុងក្រុងព្រះសីហនុបានរកឃើញមានហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍៕

ដោយ ៖ សិលា


ចែករំលែក៖