ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីលោក គា អ៊ាវ មេធាវីការពារជនជាប់ចោទអតីតឧត្តមសេនីយ៍ទោ លោក អ៊ុង ចាន់ធួក បានបញ្ជាក់នៅថ្ងៃទី២៨ ខែមេសានេះថា៖ សំណុំរឿងអតីតឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើស នឹងបំរាមរាជរដ្ឋាភិបាល ស្អែកនេះ! នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នឹងត្រូវបានបញ្ជូនទៅបើកសវនាការជំនុំជម្រះផ្ទាល់។ មិនតែប៉ុណ្ណោះលោកមេធាវី គា អ៊ាវ ក៏បានបញ្ជាក់បន្ថែមថា សវនាការនេះ មានលោកអ៊ុក សុវណ្ណារិទ្ធ ជាចៅក្រមជំនុំជម្រះ និងលោកឡុង ជាប ជាតំណាងអយ្យការ។
គួររម្លឹកថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនលោកផ្កាយ២ និងបក្ខពួកសរុបចំនួន០៣នាក់ កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ដោយឡែកក្នុងហេតុការណ៍នេះដែរ មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់
លុះនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ព្រះមហាក្សត្រ បានដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងប៉ាតម្ស៉ៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវឱ្យយតុលាការកាត់ទោសបុគ្គលនេះ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។
ជនជាប់ចោទទាំង ០៣នាក់ រួមមាន៖
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក៕ ដោយ៖សហការី