ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបណ្តេញមន្ត្រីការបរទេសសហគមន៍អឺរ៉ុប៧រូប

ចែករំលែក៖

នៅថ្ងៃទី២៨ខែមេសា ក្រសួងការបរទេសរុស្ស៊ី បានប្រកាសបណ្តេញមន្ត្រីការទូត៧រូបស្ថិតនៅតំបន់អឺរ៉ុប ដែលមានមន្ត្រីការទូតប្រទេស Estonia, Latvia, Litva និងSlovakia ។ មន្ត្រីការបរទេសទាំង៧រូបនេះ នឹងត្រូវចាកចេញពីទឹកដីរុស្ស៊ី ក្នុងរយៈពេល១សប្តាហ៍ ។ ការសម្រេចខាងលើរបស់រុស្ស៊ីកើតឡើង ក្រោយប្រទេសទាំងនោះ បានបណ្តេញមន្ត្រីការទូតរុស្ស៊ីចេញពីប្រទេសរបស់ខ្លួន ដែលជាការគាំទ្រដល់ប្រទេសឆេក។

ការប្រឈមមុខតានតឹងរវាងរុស្ស៊ី និងឆេក ក្រោយពេលរដ្ឋាភិបាលទីក្រុង Praha ចោទប្រកាន់ក្រុមចារកិច្ចរុស្ស៊ីជាប់ពាក់ព័ន្ធការវាយប្រហារឃ្លាំងគ្រាប់ប្រទេសឆេកនៅឆ្នាំ២០១៤ ហើយក៏បានបណ្តេញមន្ត្រីការទូតរុស្ស៊ី១៨រូប ។ ឆ្លើយតបទៅនឹងសកម្មភាពខាងលើ រុស្ស៊ីក៏បានបណ្តេញមន្ត្រីការទូត ឆេក២០រូបជាការសងសឹក ។ ក្រោយមកប្រទេសទាំងពីរក៏បន្តបណ្តេញមន្ត្រីការទូតគ្នាទៅវិញទៅមក ដោយបន្សល់មន្ត្រីការទូត៧រូប និងបុគ្គលិករដ្ឋបាល ២៥រូប ព្រមទាំងបុគ្គលិកក្នុងតំបន់១៩រូប ។ មន្ត្រីប្រទេសទាំងពីរនឹងត្រូវចាកចេញពីប្រទេសយូរបំផុតនៅថ្ងៃទី៣១ខែឧសភា។
តាមសារព័ត៌មាន CTK របស់ឆេក នៅថ្ងៃទី២៨ខែមេសា បណ្តាសមាជិកសភា អឺរ៉ុប EP បានចាប់ផ្តើមពិភាក្សា ស្តីពីវិវាទការទូតរវាងប្រទេសឆេកនិងរុស្ស៊ី ។ លោក Josep Borrell មន្ត្រីអឺរ៉ុបទទួលបន្ទុកសន្តិសុខ និងកិច្ចការបរទេស របស់សហគមន៍អឺរ៉ុប កំពុងតែពិភាក្សាស្តីពីការប្រតិកម្ម របស់សហគមន៍អឺរ៉ុបស្តីពិវិវាទខាងលើ៕ ដោយ៖ សាធី

ក្រុមសន្តិសុខឆែកបានដើរល្បាតនៅខាងក្រៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងប្រាក។ (រូបភាព៖ THX / TTXVN)

រូបភាពទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសរុស្ស៊ីនៅទីក្រុងម៉ូស្គូ។ រូបភាព៖ AFP /TTXVN


ចែករំលែក៖