អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានដកស្រង់ប្រភពពីកងទ័ពយោធាមីយ៉ាន់ម៉ា បានទទួលស្គាល់ថា មានករណីក្រុមជនមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានទ័ពអាកាសចំនួន ០២កន្លែង នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែក្នុងការវាយប្រហារនេះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ គឺគ្រាន់តែខូចខាតទីតាំងបន្តិចបន្តួច។
ទីភ្នាក់ងារព័ត៌មាន Reuters បន្ថែមទៀតថា ក្នុងការវាយប្រហារលេីកដំបូង គ្រាប់រ៉ុក្កែតចំនួន០៤គ្រាប់ ត្រូវបានបាញ់សំដៅទៅរកមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅជាយទីក្រុង Magway ដែលស្ថិតនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នាវេលាទាបភ្លឺ។ ខណៈរ៉ុក្កែតចំនួន ០៣គ្រាប់ បានធ្លាក់ទៅចំដីស្រែ និង០១គ្រាប់ទៀត បានធ្លាក់ទៅចំផ្លូវ។ ប៉ុន្តែយ៉ាងណាមិញ អគារមួយខ្នងនៅមូលដ្ឋានយោធានោះ បានរងការខូចខាតបន្តិចបន្តួច តែគ្មានអ្នករងរបួសនោះទេ។
ប្រភពដដែល បន្តថា ក្រោយមកក៏មានការបាញ់រ៉ុក្កែតចំនួន០៥គ្រាប់ទៀត សំដៅទៅរកមូលដ្ឋានទ័ពអាកាសសំខាន់មួយរបស់យោធាមីយ៉ាន់ម៉ា ដែលស្ថិតនៅទីក្រុង Meiktila ភាគឦសាន្តនៃទីក្រុង Magway។ ប៉ុន្តែការបាញ់គ្រាប់រ៉ុក្កែតទាំងអស់នោះ ក៏មិនបានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ ឬមួយក៏ការខូចខាតអ្វីដែរ។
ទាក់ទិននឹងករណីខាងលេីនេះ យោធាមីយ៉ាន់ម៉ា មិនទាន់ឃើញមានក្រុមណាមួយ ចេញមុខទទួលខុសត្រូវ ចំពោះសកម្មភាពវាយប្រហារផ្ទូនៗគ្នានេះ នៅឡើយទេ។
សូមជម្រាបថា ចាប់តាំងពីរបបសឹកយោធា បានឡើងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែកុម្ភៈមកនេះ ការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដោយមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការវាយប្រហារ តាមផ្លូវអាកាសជាច្រើនលើក នៅតាមតំបន់ព្រំដែន ភាគភាគខាងជើង និងភាគខាងកើតប្រទេសផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ កងពលតូចទី៥ របស់សម្ព័នជាតិការ៉ែន (KNU) បានបើកការវាយប្រហារ និងវាយឆ្មក់លើមូលដ្ឋានកងទ័ពមួយនៅតាមបណ្តោយទន្លេ Salween ដែលកំណត់ព្រំដែនរវាងថៃ និងភូមា ហើយយោធាក៏បានសងសឹកវិញ ដោយបានបើកការវាយប្រហារតាមអាកាស រយៈពេលថ្ងៃទីពីរជាប់ៗគ្នា ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម៕ដោយ៖ស តារា
ប្រភពពី៖Reuters