ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានឱ្យអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា សម្រាប់ខេត្តស្វាយរៀងប៉ុន្មានថ្ងៃនេះពុំមានករណីឆ្លងជំងឺកូវីដ-១៩នោះទេ ដោយស្ថានភាពបានធូរស្រាលបន្តិចហើយ ក្រោយពីមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៣១៤នាក់ (ស្រី១២៦នាក់), អ្នកកំពុងព្យាបាលមានចំនួន១២២នាក់ (ស្រី៤៧នាក់) ក្នុងនោះអ្នកជាសះស្បើយមានចំនួន១៨៧នាក់ (ស្រី៧៩នាក់) និងអ្នកស្លាប់ចំនួន៤នាក់ (ស្រី១នាក់)។ សម្រាប់អ្នកធ្វើចត្តាឡីស័កនៅទូទាំងខេត្តសរុបមានចំនួន២៦៦៩នាក់ (ស្រី៩៧៣នាក់)។
លោកអភិបាលរងខេត្តបានបន្ថែមថា បន្ទាប់ពីមានការណែនាំពីរាជរដ្ឋាភិបាល ឲ្យដកការបិទខ្ទប់រវាងខេត្តនិឹងខេត្ត រដ្ឋបាលខេត្តស្វាយរៀងដែលមានលោក ម៉ែន វិបុល ជាអភិបាលខេត្ត បានណែនាំឲ្យក្រុមការងារបញ្ឈប់ការដាក់បារាស ដើម្បីត្រួតពិនិត្យព្រំដែនខេត្តស្វាយរៀង និងខេត្តព្រៃវែង ហើយបានអនុវត្តតាមសេចក្តីណែនាំលេខ០២វិញ ក្នុងការរៀបចំក្រុមការងារយកសំណាកនៅដើមទី និងយកសំណាកអ្នកដែលមកដល់មូលដ្ឋានតាមស្រុក-ក្រុងនៃខេត្តស្វាយរៀង គឺសម្រាប់អ្នកមករយៈពេលខ្លីយកសំណាកធ្វើតេស្តរហ័ស ចំណែកអ្នកមករស់នៅរយៈពេលវែងត្រូវឱ្យធ្វើចត្តាឡីស័កនិងយកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩ មុននឹងឲ្យចូលបម្រើការងារនៅក្នុងខេត្ត។
លោកបានបន្តទៀតថា «ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ត្រូវបន្តពង្រឹងអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ០២ គឺពង្រឹងចលនាតាមមូលដ្ឋានភូមិឃុំសង្កាត់ ដើម្បីពិនិត្យអ្នកដែលទើបតែចូលមករស់នៅក្នុងមូលដ្ឋានស្រុក ក្រុង ហើយខេត្តស្វាយរៀង គឺជាខេត្តតំបន់អនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ដូច្នេះសមត្ថកិច្ចដែលពាក់ព័ន្ធគឺនៅតែបន្តអនុវត្តវិធានការនេះដដែល។ លោកបានបញ្ជាក់ថា បើមានអ្នកណាម្នាក់ល្មើសនឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ត្រូវឃាត់ឱ្យធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩ផងដែរ»៕
ដោយ៖ យឹម សុថាន